(គែរ)៖ រដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីប ហាឡា ហ្សាយីដ (Hala Zayed) នៅថ្ងៃអាទិត្យបាននិយាយថា ប្រទេសអេហ្ស៊ីបនឹងចាប់ផ្តើមផលិត វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងខែមិថុនា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

ក្នុងសន្និសីទកាសែតនៅទីក្រុងគែរ លោកស្រី Zayed បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសដំបូង នឹងត្រូវផលិតនៅក្នុងខែមិថុនា នៅឯរោងចក្ររបស់ក្រុមហ៊ុនអេហ្ស៊ីប ដែលជាក្រុមហ៊ុនផលិតជីវសាស្រ្ត និងវ៉ាក់សាំង វ៉ាក់ស៊ែរ៉ា (VACSERA)។

លោកស្រី Zayed បានគូសបញ្ជាក់ប្រាប់បន្ថែមថា «យើងនឹងទទួលបានការដឹកជញ្ជូនវត្ថុធាតុដើមដំបូង ដែលត្រូវការដើម្បីផលិតវ៉ាក់សាំងនៅថ្ងៃទី១៨ ខែឧសភា ហើយវ៉ាក់សាំងចំនួន ៤០លានដូសនឹងត្រូវផលិតនៅក្នុងឆ្នាំដំបូង»

លោកស្រី Zayed បានកត់សម្គាល់ថា កិច្ចព្រមព្រៀងចំនួន ០២ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុនអេហ្ស៉ីប VACSERA នៅក្នុងខែមេសា ដោយកិច្ចព្រមព្រៀងលើកទី ១ អាចឱ្យភាគីអេហ្ស៊ីបទទួលបានជំនាញ និងជំនួយបច្ចេកទេសក្នុងការផលិតវ៉ាក់សាំង ខណៈកិច្ចព្រមព្រៀងលើកទី ២ ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអេហ្ស៉ីប VACSERA ដើម្បីផលិត និងវេចខ្ចប់វ៉ាក់សាំងនៅក្នុងរោងចក្ររបស់ខ្លួន។ លោកស្រី Zayed បានកត់សម្គាល់បន្ថែមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដែលត្រូវផលិតនៅក្នុងប្រទេសអេហ្ស៊ីប នឹងត្រូវបានគេដាក់ឈ្មោះថា Sinovac-Vacsera។

គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់បុគ្គលិកពេទ្យនៃមន្ទីរពេទ្យរដ្ឋនៅចុងខែមករា ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ជាវ៉ាក់សាំងដំបូងបង្អស់ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ ដោយអាជ្ញាធរឱសថអេហ្ស៊ីប។ នៅដើមខែមីនា ប្រទេសអេហ្ស៉ីប ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង ជូនដល់ក្រុមមនុស្សវ័យចំណាស់ និងក្រុមអ្នកដែលមានជំងឺរ៉ាំរ៉ៃផងដែរ។

រហូតមកដល់ពេលនេះ ប្រទេសអេហ្ស៊ីបបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៣៦,២៧២ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,៨៤៥នាក់ និងអ្នកជាសះស្បើយ ១៧៦,៣៦៣នាក់៕