(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៣៦៦,៤៩៩នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៧៤៨នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Times of India (TOI) នារសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២២,៦៦២,៤១០ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤៦,១៤៦នាក់ និងជាសះស្បើយឡើងវិញជាង ១៨.៦៦លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧៥លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 រដ្ឋ តាមិលណាឌូ (Tamil Nadu), កាណាតាកា (Karnataka) រ៉ាចាស្ថាន (Rajasthan) និង ភូឌូឈើរី (Puducherry) បានប្រកាសបិទរដ្ឋទាំងមូល (lockdown) ដោយចាប់អនុវត្តចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី២៤ ខែឧសភា។

ដោយឡែករដ្ឋដេលី (Delhi), អ៊ូតតា ប្រាដែស (Uttar Pradesh) និងហាយ៉ាណា (Haryana) នឹងបន្តការអនុវត្តវិធានការបិទទ្វារ (lockdown) រហូតដល់ថ្ងៃទី១៧ ខែឧសភា។ ដូច្នេះមានន័យថា រដ្ឋភាគច្រើននៅក្នុងប្រទេសឥណ្ឌា កំពុងតែអនុវត្តវិធានការ lockdown ហើយ ដើម្បីទប់ទល់ COVID-19៕