(បាងកក)៖ កាលពីថ្ងៃអាទិត្យម្សិលមិញ វេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) ដែលជាអ្នកជំនាញវីរុសសាស្រ្ត នៅសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) នៃប្រទេសថៃ បានលើកឡើងជាថ្មីទៀតថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac និង AstraZeneca គឺសុទ្ធតែជួយបង្កើតប្រព័ន្ធភាពស៊ាំបានខ្ពស់ ប្រឆាំងនឹងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

ដោយយោងតាមលទ្ធផលសិក្សារបស់សាកលវិទ្យាល័យ Chulalongkorn លោក Yong បាននិយាយថា អ្នកដែលចាក់វ៉ាក់សាំង AstraZeneca ដូសដំបូងមានប្រព័ន្ធភាពស៊ាំ ៩៨.៣ភាគរយ ប្រឆាំងនឹង COVID-19 ខណៈអ្នកដែលចាក់វ៉ាក់សាំង Sinovac ដូសទីពីរ មានប្រព័ន្ធភាពស៊ាំ ៩៩.៤ភាគរយ។ រីឯអ្នកធ្លាប់ឆ្លងហើយជាសះស្បើយវិញ មានប្រព័ន្ធភាពស៊ាំ ៩២.៤ភាគរយ តែលោកបានសង្កត់ធ្ងន់ថា អ្នកដែលធ្លាប់ឆ្លង COVID-19 រួចហើយ ក៏អាចឆ្លងជំងឺនេះម្តងទៀតបានដែរ។

លោកវេជ្ជបណ្ឌិតថៃបានបន្ថែមទៀតថា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើប្រព័ន្ធភាពស៊ាំត្រឹមកម្រិតណា អាចការពារមិនឲ្យឆ្លង COVID-19 បានតែម្តងនោះ ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះគឺ «ភាពធ្ងន់ធ្ងរនៃជំងឺនេះនឹងត្រូវកាត់បន្ថយ ឲ្យតែយើងមានប្រព័ន្ធភាពស៊ាំសម្រាប់ទប់ទល់វា»

ជាចុងក្រោយលោក Yong Poovorawan បាននិយាយថា សាកលវិទ្យាល័យ Chulalongkorn កំពុងសិក្សាលើប្រព័ន្ធភាពស៊ាំរបស់មនុស្ស ប្រឆាំងនឹងជំងឺ COVID-19 ក្នុងរយៈពេលវែង ហើយលោកបានគូសបញ្ជាក់ថា ដោយសារតែ COVID-19 មានពេលសំងំរយៈពេលខ្លីមួយ ក្រោយមុនចេញរោគសញ្ញា ការចាក់វ៉ាក់សាំងដូសបន្ថែមប្រហែលជាការចាំបាច់ ដើម្បីធានាថាប្រព័ន្ធភាពស៊ាំរបស់យើង នឹងបន្តស្ថិតនៅកម្រិតដែលខ្ពស់បំផុត៕