(សិង្ហបុរី)៖ ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដែលជាដៃគូជាមួយក្រុមហ៊ុនអាមេរិក Pfizer ក្នុងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 នោះ បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួននឹងបើកទីស្នាក់ការប្រចាំតំបន់នៅក្នុងប្រទេសសិង្ហបុរី រួមជាមួយមូលដ្ឋានសម្រាប់ផលិតវ៉ាក់សាំង ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន BioNTech គ្រោងបើកទីស្នាក់ការនៅសិង្ហបុរី ព្រមទាំងចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋានផលិតវ៉ាក់សាំងក្នុងឆ្នាំនេះ ហើយរំពឹងថាវាអាចធ្វើប្រតិបត្តិការបាន បើឆាប់បំផុតនៅខ្ទង់ដើមឆ្នាំ២០២៣។ មូលដ្ឋានថ្មីនោះ នឹងផ្តល់សមត្ថភាពផ្គត់ផ្គង់ក្នុងតំបន់ និងជាសកលលោក នៃផលិតផលប្រើប្រាស់បច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន BioNTech ហើយបម្រើជាមូលដ្ឋានផលិតកម្ម ដែលអាចធ្វើការឆ្លើយតបឆាប់រហ័សប្រចាំនៅអាស៉ីអាគ្នេយ៍ ចំពោះការគំរាមកំហែងនៃជំងឺឆ្លងផ្សេងៗ ដែលអាចកើតឡើងទ្រង់ទ្រាយធំ នាពេលអនាគត។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន BioNTech មូលដ្ឋានថ្មីខាងលើ ដែលនឹងលេចរូបរាងឡើងក្នុងប្រទេសសិង្ហបុរី នឹងមានសមត្ថភាពផលិតវ៉ាក់សាំងក៏ដូចជាថ្នាំថ្មីៗ ដែលប្រើបច្ចេកវិទ្យា mRNA សម្រាប់ប្រឆាំងជំងឺឆ្លង និងជំងឺមហារីក៕