(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសថា ប្រទេសម៉ាឡេស៊ីទាំងមូលនឹងត្រូវស្ថិតនៅក្រោមវិធានការរឹតត្បឹតលើការធ្វើដំណើរ(MCO) ជាថ្មីម្តងទៀត នៅចំពោះមុខ នៃការផ្ទុះឡើងករណីឆ្លងជារលកទី៣ នៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

លោក Muhyiddin បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តចាត់វិធានការតឹងរ៉ឹងជាងមុន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 នៅក្នុងសហគមន៍ និងដើម្បីការពារកុំឲ្យមានករណីឆ្លង និងស្លាប់កើនឡើងខ្លាំង។

តាមសេចក្តីថ្លែងការណ៍ដដែលនេះលោកបានសង្កត់ធ្ងន់ថា សកម្មភាពទៅសួរសុខទុក្ខគ្នានៅតាមផ្ទះ និងការដើរកម្សាន្តនានានៅក្នុងពិធីអបអរសាទរថ្ងៃចេញបួស នៃខែរ៉ម៉ាឌន ឬហៅថា Hari Raya Aidilfitri នាចុងសប្តាហ៍នេះ ក៏ស្ថិតក្នុងចំណោមសកម្មភាពហាមឃាត់ផងដែរ។

នៅក្រោមវិធានការ MCO នេះ រាល់ការជួបជុំគ្នារួមទាំងពិធីមង្គលការ និងពិធីជប់លៀងត្រូវបានហាមឃាត់។ ស្ថាប័នអប់រំទាំងអស់ត្រូវបានបិទទ្វារ ខណៈដែលមណ្ឌលថែទាំកុមារត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ ដោយផ្អែកលើនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP)។

ការញាំអាហារក្រៅផ្ទះ នៅតាមភោជនីយដ្ឋានក៏មិនត្រូវបានអនុញ្ញាតឲ្យដែរ។ ឡានមួយអាចដឹកមនុស្សបានតែ ៣នាក់ប៉ុណ្ណោះបូករួមទាំងអ្នកបើកបរ។ ការធ្វើដំណើរឆ្លងស្រុកមួយទៅស្រុកមួយ ព្រមទាំងសកម្មភាពកីឡាក៏ត្រូវបានហាមឃាត់ផងដែរ ដោយអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភានេះ រហូតដល់ថ្ងៃទី០៦ ខែមិថុនា៕