(ឡុងដ៍)៖ ទិន្នន័យពីការដាក់ចេញនូវវ៉ាក់សាំង AstraZeneca បានបង្ហាញថា មួយដូសនៃវ៉ាក់សាំងរបស់អង់គ្លេសមួយនេះ មានប្រសិទ្ធភាព ៨០% ការពារហានិភ័យដល់បាត់បង់អាយុជីវិត ដោយសារតែជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ Reuters ដកស្រង់ទិន្នន័យចេញពី អាជ្ញាធរសុខាភិបាលសាធារណៈអង់គ្លេស (PHE) នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលអង់គ្លេស ក៏បានបញ្ជាក់ផងដែរថា ប្រសិទ្ធភាពការពារអ្នកជំងឺ ពីហានិភ័យដល់បាត់បង់អាយុជីវិតរបស់ វ៉ាក់សាំងអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech បានកើនឡើងពីប្រមាណ ៨០% បន្ទាប់ពីការចាក់ដូសទី ១ រហូតដល់ទៅ ៩៧% នៅក្រោយការចាក់ដូសទីពីរ។ PHE ក៏បានឲ្យដឹងទៀតថា វ៉ាក់សាំង Pfizer-BioNTech ចំនួនពីរដូសអាចកាត់បន្ថយហានិភ័យ ដល់ថ្នាក់ធ្លាក់ខ្លួនឈឺចូលសម្រាកនៅមន្ទីរពេទ្យ បានរហូតដល់ ៩៣% សម្រាប់អ្នកដែលមានអាយុចាប់ពី ៨០ឆ្នាំឡើងទៅ។

គួរបញ្ជាក់ថា បើតាម PHE ការសិក្សាទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZeneca នៅក្នុងការការពារអ្នកជំងឺពីហានិភ័យដល់អាយុជីវិត គឺយោងទៅលើទិន្នន័យ ដែលបានកត់ត្រានៅទូទាំងពិភពលោក។ ការសិក្សាគឺត្រូវបានធ្វើឡើង ដោយការពិនិត្យទៅលើករណីរោគសញ្ញាថ្មីៗនៃជំងឺ COVID-19 នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១ និងទៅលើមនុស្សដែលបានស្លាប់ អំឡុងពេល ២៨ថ្ងៃក្រោយពីពួកគេធ្វើតេស្តវិជ្ជមាន COVID-19 នៅពេលពួកគេបានចាក់វ៉ាក់សាំងរួចទៅហើយ៕