(គុនមីង)៖ មនុស្សទាំងអស់ចំនួន ០៤នាក់ ស្ថិតនៅលើឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានធ្លាក់ចូលក្នុងបឹងមួយនៅទីក្រុង តាលី (Dali) នៃខេត្តយុនណាន (Yunnan) ភាគនិរតីប្រទេសចិនកាលពីថ្ងៃចន្ទ ត្រូវបានគេរបាយការណ៍ថា បានបាត់បង់ជីវិតទាំងអស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

បើតាមក្រុមសង្គ្រោះចិន ឧទ្ធម្ភាគចក្រខាងលើនេះ គឺជារបស់ក្រុមពន្លត់ភ្លើងឆេះព្រៃ ដែលបានកើតមានឡើងនៅតំបន់ខាងលើនេះ ហើយពួកគេបានជួបគ្រោះថ្នាក់ នៅពេលដែលកំពុងបំពេញប្រតិបត្តិការ ពន្លត់ភ្លើងឆេះព្រៃ។ មនុស្សពីរនាក់ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ ប៉ុន្តែបានបាត់បង់ជីវិតនៅពេលទៅដល់មន្ទីរពេទ្យ ខណៈសាកសពមនុស្សពីរនាក់ទៀត ត្រូវបានរកឃើញកាលពីម៉ោង ២៖៥៥នាទីទាបភ្លឺថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើនេះបានធ្លាក់ ចូលទៅក្នុងបឹង អឺហៃ (Erhai) កាលពីវេលាម៉ោង ១០៖២០នាទីព្រឹកថ្ងៃចន្ទម្សិលមិញ នៅពេលកំពុងព្យាយាមយោងទឹក ចេញពីបឹងនោះដើម្បីពន្លត់ភ្លើងឆេះព្រៃ។ ភ្លើងឆេះព្រៃខាងលើនេះបានកើតឡើង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ហើយបានរលត់ទៅវិញកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីក្រុមអ្នកពន្លត់ប្រមាណ ២,៥៣២នាក់ត្រូវបានបញ្ចេញទៅទប់ស្កាត់ភ្លាមៗ៕