(ហ្សេរុយសាឡឹម)៖ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់ហ្គាហ្សា (Gaza) នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត ០៧គ្រាប់ ដោយក្រុមហាម៉ាស់ (Hamas) និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (Palestinian militans) ដទៃទៀតមកលើទឹកដីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

យ៉ាងហោចណាស់ មនុស្ស ២០នាក់បាត់បង់ជីវិត ក្នុងនោះរួមមានទាំងក្មេង ០៩នាក់ និងមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ផងដែរ គឺលោក ម៉ូហាំម៉េដ ហ្វាយយ៉ាដ (Mohammed Fayyad) និងមនុស្ស ៦៥នាក់ទៀតរងរបួស។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា ក្រុមហាម៉ាស់បានឆ្លងកាត់ «បន្ទាត់ក្រហម» ដោយនាំយកគ្រាប់មីស៊ីល បាញ់ឆ្ពោះទៅរកទីក្រុងហ្សេរុយសាឡឹមហើយ ដូច្នេះអ៊ីស្រាអែលត្រូវតែឆ្លើយតប ដោយការប្រើកម្លាំងតបតទៅវិញ។

លោក Benjamin Netanyahu ដែលបានជួបប្រជុំជាមួយប្រមុខកងទ័ព និងភ្នាក់ងារសន្តិសុខអ៊ីស្រាអែល បានថ្លែងទៀតថា «យើងនឹងមិនអត់ធ្មត់ ចំពោះការវាយប្រហារមកលើទឹកដីរបស់យើង រដ្ឋធានីរបស់យើង ប្រជាជន និងទាហានរបស់យើងនោះទេ។ អ្នកដែលវាយប្រហារយើង នឹងត្រូវទទួលលទ្ធផលអាក្រក់ ទៅតាមអ្វីដែលពួកគេបានធ្វើ»

គួរបញ្ជាក់ថា បើតាមកងទ័ពអ៊ីស្រាអែល គ្រាប់រ៉ុក្កែតចំនួន ១៥០គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ Gaza ដែលរាប់សិបគ្រាប់ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាសប្រឆាំងគ្រាប់រ៉ុក្កែត ដែលមានឈ្មោះថា អាយអឺន ដម (Iron Dome)។ ពុំមានរបាយការណ៍អំពីមនុស្សស្លាប់ និងរបួសឡើយនៅក្នុងទឹកដីអ៊ីស្រាអែល៕