(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទៅលើក្មេងៗវ័យជំទង់អាយុចន្លោះពី ១២-១៥ឆ្នាំ បន្ទាប់ពីក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំ អស់ប៉ុន្មានសប្តាហ៍មកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

ការអនុម័តខាងលើនេះត្រូវបានគេមើលឃើញថា នឹងជួយជំរុញការចាក់វ៉ាក់សាំង នៅទូទាំងសហរដ្ឋអាមេរិក ឲ្យមានសន្ទុះកើនឡើងវិញ ខណៈជាងមួយសប្តាហ៍ចុងក្រោយនេះ អត្រានៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បានធ្លាក់ចុះជាលំដាប់។ ការចាក់វ៉ាក់សាំងទៅដល់ក្មេងជំទង់អាយុពី ១២-១៥ឆ្នាំ ក៏ស្របទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យក្មេងៗអាចត្រលប់ទៅរៀនវិញដោយសុវត្ថិភាព នៅឆ្នាំក្រោយនេះផងដែរ។

កន្លងមកនេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាធ្វើឲ្យវ៉ាក់សាំងបង្ការ COVID-19 អាចផ្តល់ជូនទៅដល់ក្មេងៗវ័យជំទង់ នៅក្នុងពេលឆាប់រហ័សបំផុត។ លោក ចូ បៃដិន ក៏បានសាទរចំពោះការអនុម័តខាងលើនេះដែរ ដោយចាត់ទុកថា ជាការប្រព្រឹត្តទៅតាមការសន្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ។ លោក ចូ បៃដិន ក៏បានជំរុញឲ្យឪពុកម្តាយនាំកូនៗដែលគ្រប់អាយុ ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ «ប្រសិនបើពួកគេចង់ការពារសុវត្ថិភាពកូនៗ»។

គួរបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនអាមេរិក Pfizer បានបញ្ចេញរបាយការណ៍ធ្វើតេស្តរបស់ខ្លួន ក្រោយការចាក់វ៉ាក់សាំងសាកល្បង ទៅលើក្មេងអាយុពី ១២-១៥ឆ្នាំចំនួន ២,២៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានពីរដូស។ ជាលទ្ធផលពួកគេទាំងអស់គ្នា (១០០%) អាចមានលទ្ធភាពទប់ទល់ COVID-19។ ដោយឡែកសម្រាប់លទ្ធផលសិក្សា អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer ទៅលើទារក និងក្មេងៗអាយុចាប់ពី ៦ខែ ដល់ ១១ឆ្នាំ គឺមានការបែងចែកក្រុមអាយុជាពីរជំពូកសិន នោះគឺក្មេងៗអាយុចន្លោះពី ២-៥ឆ្នាំ និង ៥-១១ឆ្នាំ ហើយលទ្ធផលអាចនឹងចេញ នៅអំឡុងខែកញ្ញា ឆ្នាំ២០២១៕