(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,១៥២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៧០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៥១៥,៣០៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩៦,១៧៩នាក់ និងជាសះស្បើយឡើងសរុប ២៦,៥០៧,៤២៧នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទៅលើក្មេងៗវ័យជំទង់អាយុចន្លោះពី ១២-១៥ឆ្នាំ។ ការអនុម័តនេះត្រូវបានគេមើលឃើញថា នឹងជួយជំរុញការចាក់វ៉ាក់សាំង នៅទូទាំងសហរដ្ឋអាមេរិក ឲ្យមានសន្ទុះកើនឡើងវិញ ខណៈជាងមួយសប្តាហ៍ចុងក្រោយនេះ អត្រានៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បានធ្លាក់ចុះជាលំដាប់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៦០លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥២.១១លាននាក់ (៤៦.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១១៤.២៦លាននាក់ (៣៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕