(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទសប្តាហ៍នេះ បានថ្លែងថា ជំនួសឲ្យការប្រកួតប្រជែង និងប្រឈមមុខគ្នា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាជម្រើសតែមួយគត់ដើម្បីឈានទៅបញ្ចប់ វិបត្តិជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងដូចខាងលើ ពេលនិយាយពាក់ព័ន្ធនឹងភាពខុសគ្នាខ្លាំង នៃការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅជុំវិញពិភពលោក។ លោក Tedros បានសង្កត់ធ្ងន់ថា កម្រិតខុសគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៅតែបន្តជាហានិភ័យធំបំផុតមួយ ចំពោះការឆ្ពោះទៅបញ្ចប់វិបត្តិ COVID-19 ហើយលោកជឿថាកិច្ចសហប្រតិបត្តិការ ជាជម្រើសតែមួយគត់ ដើម្បីសម្រេចបានគោលដៅនេះ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ WHO ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ ដែលស្មើនឹង៥៣ភាគរយនៃ ចំនួនប្រជាជនសរុបនៅលើផែនដី ទទួលបានវ៉ាក់សាំង៨៣ភាគរយ នៃវ៉ាក់សាំង COVID-19 ដែលមាននៅលើពិភពលោក ខណៈប្រទេសចំណូលមធ្យមកម្រិតទាប និងប្រទេសចំណូលទាប ដែលស្មើនឹង៤៧ភាគរយនៃចំនួនប្រជាជនសរុបលើផែនដី ទទួលបានវ៉ាក់សាំងត្រឹមតែ១៧ភាគរយប៉ុណ្ណោះ៕