(ប៉េកាំង)៖ ការិយាល័យជាតិស្ថិតិ (NBS) នៃប្រទេសចិន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា កំណើនប្រជាជនចិននៅតែបន្តរក្សាល្បឿនយឺតដដែល អំឡុងពេលមួយទសវត្សរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

ទិន្នន័យនៃការធ្វើជំរឿនជាតិលើកទី ៧ កាលពីឆ្នាំ២០២០ បានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសចិន បានកើនឡើងជាមធ្យមក្នុងមួយឆ្នាំ ០.៥៣ភាគរយពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០។ ដោយឡែកបើក្រឡេកមើលចន្លោះឆ្នាំ២០០០-២០១០ វិញ កំណើនប្រចាំឆ្នាំនៃចំនួនប្រជាជនចិនជាមធ្យមគឺ ០.៥៧ភាគរយ។

គួរបញ្ជាក់ថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ចិនតែងតែធ្វើជំរឿនប្រជាជនជារៀងរាល់ ១០ឆ្នាំម្តង។ គិតត្រឹមឆ្នាំ២០២០ ចំនួនប្រជាជនរបស់ចិនបានកើនដល់ ១.៤១ពាន់លាននាក់ ដែលជាកំណើន ៥.៣៨ភាគរយពីឆ្នាំ២០១០។ ទិន្នន័យនេះមិនរាប់បញ្ចូលប្រជាជនចិន ដែលរស់នៅទីក្រុងហុងកុង និងម៉ាកាវនោះទេ៕