(ព្រុចសែល)៖ អ្នកនាំពាក្យម្នាក់បាននិយាយនៅថ្ងៃអង្គារនេះថា សហភាពអ៊ឺរ៉ុបកំពុងប្តឹងក្រុមហ៊ុនផលិតឱសថអង់គ្លេស-ស៊ុយអ៊ែត (AstraZeneca ) ដោយបង្ខំឱ្យក្រុមហ៊ុនមួយនេះផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៩០លានដូសបន្ថែមទៀតជូនខ្លួន ឲ្យបានមុនខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុបលោក Stefan De Keersmaecker បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា «យើងចង់ឲ្យតុលាការបញ្ជាឲ្យក្រុមហ៊ុន (AstraZeneca ) ផ្តល់នូវវ៉ាក់សាំងចំនួន ៩០ លានដូសបន្ថែមពីលើ ៣០លានដូសដែលបានផ្តល់រួច នៅក្នុងត្រីមាសទីមួយ»

ការទាមទារនេះកើតចេញពីជំលោះរវាងទីក្រុងព្រុចសែល និងក្រុមហ៊ុន AstraZeneca ជុំវិញបញ្ហាកង្វះវ៉ាក់សាំងរាប់សិបលានដូស ដែលក្រុមហ៊ុនត្រូវបានសន្យាថា នឹងផ្តល់ជូនសហភាពអ៊ឺរ៉ុបចាប់តាំងពីដើមឆ្នាំនេះ។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុបដែលគាំទ្រដោយរដ្ឋជាសមាជិកទាំង២៧ របស់ខ្លួនបានអះអាងថា ក្រុមហ៊ុន AstraZeneca បានរំលោភកិច្ចសន្យាដែលចែងថា ក្រុមហ៊ុនមួយនេះនឹងបញ្ជូនវ៉ាក់សាំងចំនួន ៣០០លានដូសទៅឲ្យសហភាពអឺរ៉ុប នៅឆមាសទីមួយនៃឆ្នាំនេះ។

ចំណែក ក្រុមហ៊ុន AstraZeneca បានឆ្លើយតបថា វាមានកាតព្វកិច្ចត្រឹមតែ «ការខិតខំសមហេតុផល» ដើម្បីសម្រេចគោលដៅប៉ុណ្ណោះ៕