(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា វិលត្រលប់ទៅរកសន្តិភាព និងស្ថេរភាពឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ UN បានគូសបញ្ជាក់ថា លោក Guterres បានលើកទឹកចិត្តដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឱ្យធ្វើតាមយ៉ាងឆាប់រហ័សនូវការប្តេជ្ញាចិត្តរបស់ខ្លួន និងសហគមន៍អន្តរជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់។ សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់បន្ថែមថា លោក Guterres ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យឆ្លើយតបនឹងតម្រូវការមនុស្សធម៌ ដែលកំពុងកើនឡើងនេះផងដែរ។
ប្រេសិតពិសេសនៃ UN ទទួលបន្ទុកកិច្ចការនៅប្រទេសមីយ៉ាន់ម៉ា លោកស្រី គ្រីស្ទីន ស្រ្កាណឺ ប៊ឺជែណឺ (Christine Schraner Burgener) កំពុងស្ថិតនៅក្នុងតំបន់អាស៊ី ហើយកំពុងបន្តចូលរួមយ៉ាងជិតស្និទ្ធ ជាមួយប្រទេសពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា ការប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ាទៅក្នុងគ្រាអាសន្ន ត្រូវបានធ្វើឡើងក្រោយរដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយអំណាចរដ្ឋត្រូវបានប្រគល់ទៅឱ្យ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោកឧត្ដមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing)។ ចាប់តាំងពីពេលនោះមក ការតវ៉ា និងបង្ក្រាបដោយហិង្សាបានឡើងជាបន្តបន្ទាប់៕