(ហ្សេរុយសាឡឹម)៖ ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា (Gaza) យ៉ាងហោច ៣៥នាក់ ក្នុងនោះមានកុមារ១០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសពីសំណាក់យោធាអីស្រាអែល គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។
យោធាអ៉ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃពុធនេះ នៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្គាហ្សា ខណៈក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់ចូលក្នុងទីក្រុង Tel Aviv និងទីក្រុង Beersheba ដោយបណ្ដាលឱ្យជនជាតិអ៉ីស្រាអែល ៣នាក់បានស្លាប់។ ការវាយប្រហារអ៉ីស្រាអែលបានធ្វើឱ្យអគារ នៃតំបន់ទីប្រជុំជនមួយក្នុងតំបន់ហ្គាហ្សាបាក់រំលំ និងអគារជាច្រើនទៀតរងការបំផ្លិចបំផ្លាញ។ អីស្រាអែលអះអាងថាការវាយប្រហាររបស់ខ្លួនមានគោលដៅទៅលើ ក្រុមហាម៉ាស់។
គួរបញ្ជាក់ថា អំពើហិង្សារវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលបានផ្ទុះឡើងជាច្រើនថ្ងៃមកហើយនៅបរិវេណវិហារ អាល់-អឹកស (Al-Aqsa) ដោយភាគអ៉ីស្រាអែលបានរារាំង មិនឱ្យប្រជាជនប៉ាឡេស្ទីនចូលថ្វាយបង្គំក្នុង ឬបរិវេណវិហារនេះឡើយ។ ប៉ុន្តែ ហេតុផលនៅពីក្រោយជម្លោះនេះ មិនមែនត្រឹមតែការរារាំងនេះនោះទេ ពោលហេតុផលចម្បង នោះគឺគម្រោងបណ្ដេញប្រជាជនប៉ាឡេស្ទីនច្រើនគ្រួសារចេញពីផ្ទះរបស់ពួកគេក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត ដើម្បីប្រគល់សិទ្ធិកាន់កាប់ ឱ្យជនជាតិអ៉ីស្រាអែល៕