(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៤,៩០៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៤៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៥៥០,១១៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩៦,៩៤៦នាក់ និងជាសះស្បើយឡើងសរុប ២៦,៥៥៨,១៣៨នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
កាលពីដើមសប្តាហ៍នេះ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទៅលើក្មេងៗវ័យជំទង់អាយុចន្លោះពី ១២-១៥ឆ្នាំ។ ការអនុម័តនេះត្រូវបានគេមើលឃើញថា នឹងជួយជំរុញការចាក់វ៉ាក់សាំង នៅទូទាំងសហរដ្ឋអាមេរិក ឲ្យមានសន្ទុះកើនឡើងវិញ ខណៈជាងមួយសប្តាហ៍ចុងក្រោយនេះ អត្រានៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បានធ្លាក់ចុះជាលំដាប់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៦២លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥២.៨២លាននាក់ (៤៦.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១១៥.៥៣លាននាក់ (៣៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕