(ប៉េកាំង)៖ ថ្ងៃទី១០ ខែឧសភា ពិព័រណ៍ផលិតផលប្រើប្រាស់ចិនអន្តរជាតិលើកដំបូង បានបិទបញ្ចប់នៅខេត្ត ហៃណាន ប្រទេសចិន។ ក្នុងរយៈពេល៤ថ្ងៃកន្លងមក សហគ្រាសចំនួន ១៥០៥ និងម៉ាកផលិតផលល្បីឈ្មោះចំនួន ២៦២៨ ដែលមកពីប្រទេសនិងតំបន់ចំនួន ៧០ ត្រូវបានដាក់បង្ហាញក្នុងពិព័រណ៌លើកនេះ ដែលបានទាក់ទាញមនុស្សចំនួន ២៤ម៉ឺននាក់ទៅទស្សនា ដូចនេះពិព័រណ៌ផលិតផលប្រើប្រាស់លើកនេះ បានក្លាយជាសកម្មភាពខាងការប្រើប្រាស់ ជាសកលដ៏ឱឡារិកពិតប្រាកដ។
* តើហេតុអ្វីបានជាប្រទេសចិនរៀបចំធ្វើ ពិព័រណ៌ផលិតផលប្រើប្រាស់ដោយឯកឯង?
បើមើលពីសភាពជាទូទៅ តួនាទីជំរុញេសេដ្ឋកិច្ចរបស់ការប្រើប្រាស់ បានកើនឡើងឥតឈប់ឈរ។ នៅឆ្នាំ២០២០ ពិតមែនតែបានរងការវាយប្រហារ ពីការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែអនុបាតនៃចំណាយចុងក្រោយរបស់ប្រជាជនចិនក្នុងGDP នៅតែឡើងដល់ ៥៤.៣ភាគរយ។ ប្រជាជនចំនួនជាង ១ពាន់៤រយលាននាក់ ក្រុមមនុស្សមានចំណូលមធ្យមចំនួនជាង ៤រយលាននាក់ និង GDPគិតជាមធ្យមក្នុងមនុស្សម្នាក់ៗលើសពី១ម៉ឺនដុល្លារអាមេរិក ល។ល តួលេខទាំងនេះបានបង្ហាញពីកម្លាំងចលករផ្ទៃក្នុង យ៉ាងខ្លាំងក្លាសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសចិន។
បើមើលពីអនាគត ក្នុងទីផ្សារចិន និន្នាការដែលការប្រើប្រាស់ត្រូវលើកកម្ពស់លំដាប់ថ្នាក់ មានភាពកាន់តែច្បាស់លាស់។ ពេលមុននេះ ក្រុមហ៊ុន Morgan Stanley បានចេញផ្សាយរបាយការណ៍ប៉ាន់ប្រមាណថា ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ អត្រាកំណើនខាងការប្រើប្រាស់របស់ប្រជាជនចិន គិតជាមធ្យមក្នុងមួយឆ្នាំ នឹងឡើដល់ ៧.៩ភាគរយ ដែលជា “កម្រិតខ្ពស់បំផុតនៅពិភពលោកទាំងមូល” ប្រជាជនមានប្រាក់ចំណូលកាន់តែច្រើន ហើយតម្រូវការខាងការប្រើប្រាស់ក៏នឹងត្រូវលើកកម្ពស់លំដាប់ថ្នាក់ និងកាន់តែមានភាពលម្អិតជាបន្តបន្ទាប់ផងដែរ។
តាមទិន្នន័យបានបង្ហាញឱ្យឃើញថា ក្នុងម៉ាកផលិតផលល្បីឈ្មោះចំនួន ២៦២៨ ដែលត្រូវបានដាក់បង្ហាញក្នុងពិព័រណ៌ផលិតផលប្រើប្រាស់ចិនអន្តរជាតិ លើកដំបូង ម៉ាកអន្តរជាតិបានឡើងដល់ ៥១.៩ភាគរយ បើនិយាយចំពោះសហគ្រាសផលិតផលិតផលប្រើប្រាស់ នៅលើពិភពលោក សមត្ថភាពទិញទំនិញរបស់អ្នកប្រើប្រាស់ចិន បាននិងកំពុងបង្កបង្កើតផលកំរៃឥតឈប់ឈរ។
ជាងនេះទៅទៀត ប្រទេសចិនបាននិងកំពុងជំរុញយ៉ាងពេញទំហឹង នូវការបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់ ក្នុងន័យបញ្ចេញឱ្យបានកាន់តែពេញលេញ នូវសក្តានុពលខាងការប្រើប្រាស់។ តាមពិត ខេត្តហៃណាន ដែលជាទីកន្លែងរៀបចំ ពិព័រណ៌ផលិតផលប្រើប្រាស់ចិនអន្តរជាតិលើកនេះ ក៏ជាកំពង់ផែពាណិជ្ជកម្មសេរីដែលប្រទេសចិន បាននិងកំពុងបង្កើតឡើងតាមស្តង់ដារអន្តរជាតិផងដែរ។ កំពង់ផែពាណិជ្ជកម្មសេរីកោះហៃណានត្រូវបានរំពឹងថា នឹងក្លាយជាឋានសួគ៌ទិញទំនិញរួចពន្ធ និងមុខរបរទេសចរណ៍ ហើយនឹងសម្រេចបាននូវ “ទិញផលិតផលសកល លក់ផលិតផលសកល”។
នៅថ្ងៃបិទបញ្ចប់ពិព័រណ៌ផលិតផលប្រើប្រាស់ចិនអន្តរជាតិលើកដំបូង សហគ្រាសទាំងចិននិងអន្តរជាតិចំនួន ៤២ ក្នុងនោះបូករួមទាំងក្រុមហ៊ុន L‘oreal Paris ក្រុមហ៊ុន Parker និងក្រុមហ៊ុន Deloitte ជាដើមបានចុះកិច្ចសន្យាមុនគេ ដើម្បីបន្តចូលរួម ពិព័រណ៌ផលិតផលប្រើប្រាស់ចិនអន្តរជាតិលើកទីពីរ។ មិនបាច់សង្ស័យឡើយ ទីផ្សារមានទ្រង់ទ្រាយធំធេង ដែលបង្កើតឡើងដោយប្រជាជនចំនួនជាង ១ពាន់៤រយលាននាក់ នឹងក្លាយជាកាលានុវត្តភាពដែលពិភពលោកទាំងមូល អាចចែករំលែកជាមួយគ្នា៕