(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានបន្តអំពាវនាវឱ្យកាត់បន្ថយនូវការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា «ប្រទេសអ៉ីស្រាអែលមានសិទ្ធិ ការពារខ្លួន និងឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត។ រីឯ ប្រជាជនប៉ាឡេស្ទីនក៏មានសិទ្ធិទទួលបានសុវត្ថិភាព និងសន្តិសុខដូចប្រជាជនអ៉ីស្រាអែលដែរ»។
លោក Ned Price បន្ថែមថាសហរដ្ឋអាមេរិកមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតទាំងប្រជាជនអ៉ីស្រាអែល និងប៉ាឡេស្ទីន។ «យើងកំពុងជំរុញ សារនៃការដកថយនេះដើម្បីបញ្ចប់ការបាត់បង់អាយុជីវិតនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរូបនេះ។ បើតាមលោក Ned Price រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បានពិភាក្សាជាមួយសមភាគីអ៉ីស្រាអែលរបស់គាត់ គឺលោក ហ្គាប៊ី អាសកេណាហ្ស៉ី (Gabi Ashkenazi) នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ «ដើម្បីថ្កោលទោសចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងដើម្បីបញ្ជាក់សារដ៏សំខាន់នេះឡើងវិញ អំពីការបន្ធូរបន្ថយជម្លោះ»។
គួរបញ្ជាក់ថា ការសងសឹកគ្នាវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនបានកើនឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ៣៥នាក់ និងប្រជាជនអ៉ីស្រាអែល ០៣នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស។ រលកនៃអំពើហិង្សាបច្ចុប្បន្នរវាងអ៉ីស្រាអែល និងកងកម្លាំងប្រដាប់អាវុធហាម៉ាស់ ក្នុងតំបន់ហ្គាហ្សា គឺជាលើកដំបូងហើយចាប់តាំងពីការវាយប្រហារតាមអាកាស និងដីទ្រង់ទ្រាយធំចុងក្រោយបង្អស់ដែលអ៉ីស្រាអែលបានធ្វើនៅលើទឹកដីប៉ាឡេស្ទីនអស់រយៈពេល ៥០ថ្ងៃ កាលពីឆ្នាំ២០១៤៕