(ញូដេលី)៖ សាកសពមនុស្សជាច្រើន ត្រូវគេប្រទះឃើញអណ្តែតមកទើរលើច្រាំងទន្លេ ហ្គាន់ជីស៍ ឬទន្លេគង្គា (Ganges) នៃប្រទេសឥណ្ឌា ស្របពេលដែលជំងឺ COVID-19 ផ្តាច់ជីវិតមនុស្សខ្ទង់ ៤,០០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។
អាជ្ញាធរឥណ្ឌា នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ពួកគេកំពុងស៉ើបអង្កេតករណីប្រទះឃើញសាកសពមនុស្សជាច្រើន អណ្តែតនៅតាមដងទន្លេ Ganges ក្នុងរដ្ឋចំនួនពីរ។ ខណៈអាជ្ញាធរមិនទាន់ដឹងច្បាស់ថា សាកសពទាំងនោះ មានប្រភពមកពីកន្លែងណាឲ្យប្រាកដ ប្រជាពលរដ្ឋឥណ្ឌាបាននិយាយថា មនុស្សម្នានាំគ្នាបណ្តែតសាកសព ទៅក្នុងទន្លេ Ganges ដែលត្រូវបានចាត់ទុកជាទន្លេពិសិដ្ឋ ដោយសារតែការខ្វះខាតឈើសម្រាប់បូជា ជាពិសេសតាមទីជនបទ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មាន Reuters បច្ចុប្បន្ន ឥណ្ឌាទទួលបន្ទុក ១ ករណីក្នុងចំណោមករណីស្លាប់ចំនួន ៣ ដោយសារជំងឺ COVID-19 ដែលត្រូវរាយការណ៍ជុំវិញពិភពលោក។ ទោះបីប្រទេសជាច្រើន បានចាប់ផ្តើមផ្តល់ជំនួយបរិក្ខាចាំបាច់ផ្សេងៗក៏ដោយ ប្រព័ន្ធសុខាភិបាលឥណ្ឌានៅរងសម្ពាធខ្លាំងក្លាដដែល ដោយសារតែអត្រាអ្នកឆ្លងដ៏ច្រើនលើសលុប៕