(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣៤ករណីបន្ថែមទៀតនៅតំបន់ភាគកណ្ដាល និងភាគខាងជើងដែលជាតំបន់បិទខ្ទប់ គិតចាប់តាំងពីម៉ោង ០៦៖០០នាទីល្ងាចថ្ងៃអង្គារ ដល់ម៉ោង ០៦៖០០នាទីព្រឹកព្រលឹមថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។
បើតាមក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៣៣ករណីជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ១៣ករណីត្រូវបានរកឃើញនៅខេត្ត វិញ ហ៊្វុក (Vinh Phuc) ភាគខាងជើង, ០៧ករណីនៅទីក្រុង ដា ណាង (Da Nang) ភាគកណ្ដាល, ០៦ករណីនៅខេត្ត បាក ហ្គៀង (Bac Giang) ភាគខាងជើង, ០៥ករណីនៅរដ្ឋធានីហាណូយ (Hanoi) នៃប្រទេសវៀតណាមតែម្ដង និង០២ករណីនៅខេត្តផ្សេងទៀត។ ករណីភាគច្រើន គឺមានជាប់ទាក់ទងជាមួយអ្នកជំងឺដែលត្រូវបានរាយការណ៍កាលពីមុន ឬមានជាប់ទាក់ទងជាមួយ ចង្កោមអ្នកចម្លងនៅតាមមូលដ្ឋាន។ ចំណែកឯ ០១ករណីផ្សេងទៀតជាករណីនាំចូលពីបរទេស។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៦៖០០នាទីព្រឹកព្រលឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣,៥៧១ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ២,៦១៨នាក់។ ក្នុងចំណោម ករណីឆ្លងសរុបនៅទូទាំងប្រទេសខាងលើ មាន ២,១៣១ករណី ជាករណីឆ្លងក្នុងសហគមន៍ ហើយក្នុងនោះមាន៥៦១នាក់ ទើបតែត្រូវបានរកឃើញ គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ចុងក្រោយបង្អស់នៅថ្ងៃទី២៩ ខែមេសាកន្លងទៅ៕