(បាងកក)៖ អាជ្ញាធរប្រទេសថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១,៩៨៣នាក់ រួមទាំងករណីស្លាប់ថ្មី ៣៤នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៩ករណីប៉ុណ្ណោះ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ទីក្រុងបាងកក នៅតែជាកន្លែងរាយការណ៍ករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺ៩៧៦នាក់ ហើយកន្លែងដែលមានករណីឆ្លងថ្មីៗច្រើនបន្ទាប់ទៀត គឺខេត្ត Nonthaburi ដែល មាន២៦៦នាក់ និងខេត្ត Samut Prakan ដែលមាន១១០នាក់។
ចំណែកករណីអ្នកជំងឺទើបតែស្លាប់វិញ គឺ១៣នាក់ ស្ថិតនៅខេត្ត Samut Prakan, ១០នាក់នៅទីក្រុងបាងកក, ០២នាក់នៅខេត្ត Pathum Thani, ០២នាក់នៅខេត្ត Nakhon Pathom ហើយខេត្ត Suphan Buri, Samut Songkhram, Samut Sakhonm, Phetchabun, Chonburi, Nakhon Nayok និង Sa Kaew មាន០១នាក់ដូចគ្នា។ អ្នកទាំងនោះមានអាយុចន្លោះ៣៣-៩៣ឆ្នាំ និងភាគច្រើនមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។
គួរបញ្ជាក់ថា ថៃក៏បានរាយការណ៍ពីករណីអ្នកជំងឺ២,០០៦នាក់ ទើបជាសះស្បើយផងដែរ។ សរុបមកវិញ ករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសថៃ បានកើនដល់ ៨៨,៩០៧នាក់ ក្នុងនោះ៨៥,៤៩១នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ចំណែកអ្នកជាសះស្បើយមាន ៥៩,០៤៣នាក់ និងស្លាប់៤៨៦នាក់។ រីឯតួលេខចាក់វ៉ាក់សាំង COVID-19 គឺវ៉ាក់សាំង១,៩៣៥,៥៦៥ដូស ត្រូវបានចាក់នៅក្នុងប្រទេសថៃ៕