(បាងកក)៖ គិតត្រឹមថ្ងៃពុធនេះ ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅក្នុងប្រទេសថៃ បានបន្តកើនដល់ជិត ៤៩០នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុបជិត ៨៩,០០០នាក់។ ទិន្នន័យនៅប្រទេសថៃបង្ហាញថា មានប្រភេទជំងឺរុំារ៉ៃធំៗចំនួន ០៧ ដែលជំរុញឲ្យមានករណីអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេ។

ជំងឺដែលបណ្តាលឲ្យមានអ្នកឆ្លង COVID-19 ស្លាប់ច្រើនជាងគេ គឺជំងឺសម្ពាធឈាមឡើងខ្ពស់ ដោយក្នុងចំណោមករណីស្លាប់ទាំងជិត ៤៩០នាក់ ៧៣ភាគរយ សុទ្ធតែជាអ្នកកើតជំងឺនេះ។ បន្ទាប់មកទៀត ៥៥ភាគរយនៃអ្នកស្លាប់ គឺមានជំងឺទឹកនោមផ្អែម, ៣០ភាគរយ មានជំងឺលើសជាតិខ្លាញ់ក្នុងឈាម, ១៧ភាគរយ មានជំងឺតម្រងនោមរុំារ៉ៃ, ១៣ភាគរយ មានជំងឺបេះដូង, ០៨ភាគរយមានជំងឺធាត់ និង ០៨ភាគរយទៀតមានជំងឺសួត។

គួរបញ្ជាក់ថា ករណីស្លាប់នៃជំងឺ COVID-19 ភាគច្រើនបំផុត គឺ ៤៦ភាគរយ កើតឡើងនៅទីក្រុងបាងកក ខណៈខេត្ត សាមុត ប្រាកាណ (Samut Prakan) និងខេត្ត ណុនថា បុរី (Nonthaburi) ទទួលបន្ទុក ៧ភាគរយដូចគ្នា ហើយ ៤ភាគរយនៅខេត្ត ផាធំ ថានី (Pathum Thani) និង០៣ភាគរយខេត្ត ឈៀង ម៉ៃ (Chiang Mai)។ ចំណែកករណីប៉ុន្មានទៀត គឺនៅតាមបណ្តាខេត្តផ្សេងៗ៕