(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៨៦ករណីបន្ថែមទៀតនៅតំបន់ភាគកណ្ដាល និងភាគខាងជើងដែលជាតំបន់បិទខ្ទប់ នៅក្នុងរយៈពេល ២៤ម៉ោង។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រពិភពលោក worldometers នៅល្ងាចថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៨៦ករណីជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាននៅខេត្ត វិញ ហ៊្វុក (Vinh Phuc) ភាគខាងជើង, ទីក្រុង ដា ណាង (Da Nang) ភាគកណ្ដាល, ខេត្ត បាក ហ្គៀង (Bac Giang) ភាគខាងជើង, រដ្ឋធានីហាណូយ (Hanoi) នៃប្រទេសវៀតណាមតែម្ដង និងនៅខេត្តមួយចំនួនទៀត។ ករណីភាគច្រើន គឺមានជាប់ទាក់ទងជាមួយអ្នកជំងឺ ដែលត្រូវបានរាយការណ៍កាលពីមុន ឬមានជាប់ទាក់ទងជាមួយ ចង្កោមអ្នកចម្លងនៅតាមមូលដ្ឋាន។ ក៏មានករណីមួយចំនួនតូចទៀត គឺជាប្រភេទករណីនាំចូលផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃពុធនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣,៦២៣ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ២,៦១៨នាក់៕