(ញូដេលី)៖ សារព័ត៌មានឥណ្ឌា Indian Express នៅថ្ងៃព្រហស្បតិ៍នេះ បានចុះផ្សាយថា វ៉ាក់សាំងចិន Sinopharm ដែលជាវ៉ាក់សាំងដំបូង មិនមែនរបស់ប្រទេសលោកខាងលិច ដែលត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក (WHO) នឹងអាចជួយបង្កើនលទ្ធភាព នៃការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅលើពិភពលោក តាមរយៈកម្មវិធី COVAX ដែលចែកចាយវ៉ាក់សាំងឲ្យប្រទេសមាន ចំណូលមធ្យម និងទាប។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

អង្គការសុខភាពពិភពលោក បានអនុម័តទទួលស្គាល់វ៉ាក់សាំង Sinopharm កាលពីសប្តាហ៍មុនសម្រាប់ការប្រើប្រាស់បន្ទាន់ ដែលវាបើកផ្លូវឲ្យវ៉ាក់សាំងនេះ អាចយកទៅប្រើប្រាស់ក្នុងកម្មវិធី COVAX បាន ហើយនឹងជួយឲ្យវ៉ាក់សាំង Sinopharm កាន់តែទទួលបានការជឿទុកចិត្ត ពីប្រទេសជាច្រើនថែមទៀត។ វ៉ាក់សាំង COVID-19 ផ្សេងទៀត ដែលត្រូវបាន WHO ទទួលស្គាល់កន្លងមក រួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech, AstraZeneca , Johnson & Johnson និង Moderna។

គួរបញ្ជាក់ថា ចិនក៏មានវ៉ាក់សាំង COVID-19 មួយទៀត ដែលកំពុងស្ថិតក្រោមការវាយតម្លៃរបស់អង្គការ WHO ដែរ គឺវ៉ាក់សាំង Sinovac។ យោងតាម WHO វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពជាង ៧៩ភាគរយ ក្នុងការទប់ស្កាត់ការចេញរោគសញ្ញា និងការធ្លាក់ខ្លួនឈឺធ្ងន់ សម្រាប់មនុស្សគ្រប់ក្រុមអាយុទាំងអស់។ WHO ណែនាំឲ្យវ៉ាក់សាំងនេះ អាចចាក់លើមនុស្សពេញវ័យចាប់ពី ១៨ឆ្នាំឡើងទៅ ដោយការចាក់ដូសទី ១និងទី២ គួរមានគម្លាតពី ៣-៤សប្តាហ៍៕