(ញូវដែលី)៖ មន្រ្តីរដ្ឋាភិបាលមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋអ៊ូតាប្រាដេស (Uttar Pradesh) ដែលជារដ្ឋមានប្រជាជនច្រើនជាងគេនៅឥណ្ឌានឹងចំណាយប្រាក់រហូតដល់ទៅ ១.៣ពាន់លានដុល្លារអាមេរិក ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយបានធ្វើកិច្ចចរចាកាលពីដើមសប្តាហ៍នេះជាមួយក្រុមហ៊ុនឱសថដូចជា ក្រុមហ៊ុន Pfizer និងក្រុមហ៊ុនចែកចាយក្នុងស្រុកគឺ Sputnik V របស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

ជំហានដែលធ្វើឡើងដោយរដ្ឋអ៊ូតាប្រាដេស ដែលមានប្រជាជនច្រើនជាងប្រទេសប្រេស៊ីលទាំងមូលទៅទៀតនេះ បានកើតឡើងនៅពេលដែលរដ្ឋឥណ្ឌាជាច្រើនកំពុងបន្ថយល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដោយសារតែកង្វះខាតវ៉ាក់សាំងធ្ងន់ធ្ងរ ចំពេលមានការកើនឡើង នៃករណីឆ្លង COVID-19។

អ្នកនាំពាក្យ នៃរដ្ឋUttar Pradesh លោក Navnet Sejal បាននិយាយប្រាប់ទីភ្នាក់ងារ Reuters ថា រដ្ឋមួយនេះក៏បានធ្វើកិច្ចចរចារដេញថ្លៃជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌ The Serum India ដែលមានអាជ្ញាប័ណ្ណផលិតវ៉ាក់សាំង AstraZeneca និង Novavax និងក្រុមហ៊ុន Bharat Biotech ព្រមទាំងក្រុមហ៊ុន Cadila Healthcare ផងដែរ ដែលជាផ្នែកមួយ នៃការដេញថ្លៃជាសកលដើម្បីទិញវ៉ាក់សាំងចំនួន ៤០លានដូស ក្នុងរយៈពេល ៣ខែខាងមុខនេះ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «លុយមិនមែនជាបញ្ហាទេ យើងមានថវិកាច្រើន...យើងនឹងចំណាយរហូតដល់ ១០០ពាន់លានរូពី ឬស្មើនឹង ១.៣៦ពាន់លានដុល្លារ» ដើម្បីទិញវ៉ាក់សាំង៕