(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានណែនាំថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស មិនចាំបាច់ត្រូវពាក់ម៉ាសនៅពេលចេញទៅខាងក្រៅ និងមិនចាំបាច់ពាក់ម៉ាសនៅពេលទៅកាន់កន្លែង ជួបជុំមួយចំនួនធំ ដែលការណែនាំថ្មីនេះនឹងអនុញ្ញាតឱ្យគ្រប់យ៉ាងចាប់ផ្ដើមវិលមករកសភាពធម្មតាវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

CDC បានណែនាំប្រាប់បន្ថែមថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ នឹងមិនចាំបាច់រក្សាគម្លាតនៅពេលទៅកាន់កន្លែងជាច្រើននោះទេ។ CDC ក៏បានសង្ឃឹមថា ការណែនាំនេះនឹងជំរុញប្រជាជនអាមេរិកបន្ថែមទៀតឱ្យមកទទួលការចាក់វ៉ាក់សាំង។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលេចមុខនៅឯសេតវិមានជាមួយនឹងការមិនមានពាក់ម៉ាស ហើយបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាវាជាព្រឹត្តិការណ៍ ដ៏អស្ចារ្យ និងជាថ្ងៃដ៏អស្ចារ្យរបស់យើង»។ លោកបន្តដោយទឹកមុខញញឹមទៀតថា «ប្រសិនបើអ្នកបានទទួលការចាក់វ៉ាក់សាំងពេញលេញដោយមិនចាំបាច់ ពាក់ម៉ាសនៅពេលដែលអ្នកទៅកាន់កន្លែងណាមួយហើយ អ្នកមានសិទ្ធិធ្វើអ្វីមួយដែលជនជាតិអាមេរិកត្រូវបានគេស្គាល់ទូទាំងពិភពលោក គឺការស្វាគមន៍អ្នកដទៃ ដោយស្នាមញញឹម»

គួរបញ្ជាក់ថា បើតាមនាយក CDC លោកស្រី Rochelle Walensky ការណែនាំថ្មីនេះបានធ្វើឡើងត្រឹមតែរយៈពេល ០២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការធ្វើបច្ចុប្បន្នភាព ចុងក្រោយបំផុត ដោយផ្អែកលើការកត់សម្គាលឃើញថាមានការថយចុះយ៉ាងខ្លាំងនូវចំនួនករណីឆ្លង ក៏ដូចជាការពង្រីកវ៉ាក់សាំងដល់ក្រុមមនុស្សវ័យក្មេង និងប្រសិទ្ធិភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះផងដែរ៕