(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៩,៨២៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៦២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៦២៦,០៩៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩៨,៥៤០នាក់ និងជាសះស្បើយឡើងសរុប ២៦,៦៦៧,១៩៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើ ទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានណែនាំថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស មិនចាំបាច់ត្រូវពាក់ម៉ាសនៅពេលចេញទៅខាងក្រៅ និងមិនចាំបាច់ពាក់ម៉ាសនៅពេលទៅកាន់កន្លែង ជួបជុំមួយចំនួនធំ ដែលការណែនាំថ្មីនេះនឹងអនុញ្ញាតឱ្យគ្រប់យ៉ាង ចាប់ផ្ដើមវិលមករកសភាពធម្មតាវិញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៦៥លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៥៤លាននាក់ (ជិត ៤៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១១៧.៦៤លាននាក់ (៣៥.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕