(ប៉េកាំង)៖ ថ្ងៃទី១២ ខែឧសភា តាមម៉ោងក្នុងតំបន់ អាមេរិក អង់គ្លេសនិងអាល្លឺម៉ង់ ព្រមនិងប្រទេសនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូច បានប្រើប្រាស់ដោយផ្តេសផ្តាសនូវប្រភពធនធាន និងវេទិការបស់អង្គការសហប្រជាជាតិ ដោយបានរៀបចំកិច្ចប្រជុំ ដែលហៅថាសភាពការណ៍សិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំងនៃប្រទេសចិន ក្នុងន័យប៉ុនប៉ងបិទស្លាកដែលហៅថា «ប្រល័យពូជសាសន៍» និង «បង្ខិតបង្ខំឱ្យធ្វើពលកម្ម» ជាដើមទៅលើប្រទេសចិន។ ទង្វើបែបនេះជាការបំពានយ៉ាងកម្រោល ទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលត្រូវរដ្ឋសមាជិកជាច្រើន នៃអង្គការសហប្រជាជាតិធ្វើពហិការ។

មនុស្សដែលបានយល់ដឹងពីប្រវត្តិសាស្ត្រ នៃតំបន់ស៊ីនជាំងសុទ្ធតែដឹងច្បាស់ថាធាតុពិតនៃបញ្ហាពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង គឺបញ្ហាប្រឆាំងភេរវកម្មនិងលុបបំបាត់សកម្មភាពជ្រុលនិយម មិនមែនបញ្ហាសិទ្ធិមនុស្ស ដែលប្រទេសលោកខាងលិចមួយចំនួនតូច តែងតែឃោសនាបំប៉ោងនោះទេ។ បើសិនជាចង់និយាយពីបញ្ហាសិទ្ធិមនុស្ស យើងអាចធ្វើការប្រៀបធៀបដូចខាងក្រោម ។

សូមយកការងារបង្ការនិងគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ ជាឧទាហរណ៍។ អ្នកនាំពាក្យនៃគណៈប្រតិភូចិន ប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបា នបង្ហាញតួលេខមួយចំនួន៖ តំបន់ស៊ីនជាំង មានប្រជាជនចំនួនជាង២៥លាននាក់ បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុប៩៨០នាក់ ករណីជាសះស្បើយ៩៧៧នាក់ ករណីស្លាប់៣នាក់។ រីឯនៅប្រទេសអាមេរិកវិញ ករណីស្លាប់មានចំនួនជិត៦សែននាក់ អង់គ្លេសមានករណីស្លាប់ចំនួនជាង១២ម៉ឺននាក់ អាល្លឺម៉ងមានករណីស្លាប់លើសពី៨ម៉ឺននាក់។

ប្រទេសលោកខាងលិចមួយចំនួនតូច សម្បីតែសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្លួន ក៏មិនអាចធានាបាន តើមានលក្ខណសម្បតិ្តអីក្នុងការរិះគន់ សភាពការណ៍សិទ្ធិមនុស្សនៃតំបន់ស៊ីនជាំង? ប្រទេសលោកខាងលិចមួយចំនួនតូច មិនអាចតំណាងឱ្យអង្គការសហប្រជាជាតិ ហើយកាន់តែមិនអាចតំណាងឱ្យ សហគមន៍អន្តរជាតិនោះទេ។

ក្នុងមហាសន្និបាតលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចំនួនជាង៨០ ក្នុងនោះបូករួមទាំងប្រទេសឥស្លាម ដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាដើម បានបញ្ចេញសម្លេងតាមទម្រង់ខុសៗគ្នា ដើម្បីផ្តល់ការគាំទ្រដល់គោលជំហរ របស់ប្រទេសចិនក្នុងបញ្ហាពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង។

នាពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលរៀបចំធ្វើកិច្ចជំនួបរវាង រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិននិងប្រទេសអាស៊ីកណ្តាលចំនួន៥ ប្រទេសអាស៊ីកណ្តាលក៏បានផ្តល់ការគាំទ្រយ៉ាងមុតមាំ ដល់ប្រទេសចិនក្នុងការគាំពារផលប្រយោជន៍ជាស្នូលរបស់ខ្លួន ហើយប្រឆាំងនឹងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មាននៃប្រទេសជាច្រើន ដូចជាអូស្ត្រាលី ប្រេស៊ីល សិង្ហបុរី និងស៊ុយអែតជាដើម ក៏បានចេញផ្សាយអត្ថបទ ដើម្បីទទួលស្គាល់សមិទ្ធផលរបស់តំបន់ស៊ីនជាំង លើវិស័យប្រឆាំងភេរវកម្ម ក្នុងន័យលាតត្រដាង នូវកលល្បិចនៃភូមិសាស្ត្រនយោបាយរបស់អាមេរិក និងប្រទេសលោកខាងលិច ដែលប៉ុនប៉ង «ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស»។

មិនថាអាមេរិកចាត់ប្រើមធ្យោបាយណា ក្នុងការប្រមូលគ្នីគ្នាសម័្ពន្ធមិត្តលោកខាងលិចមួយចំនួនតូច និងនិយាយប្រែសជាខ្មៅក៏ដោយ ក៏ប៉ុន្តែ រឿងកំប្លែងខាងនយោបាយលើមូលដ្ឋានពាក្យកុហក បានបរាជ័យនៅលើឆាកអង្គការសហប្រជាជាតិរួចរាល់ហើយ។ បើសិនជាពួកគេមិនបញ្ឈប់ ការសម្តែងឆាកល្ខោនដ៏អាក្រក់បែបនេះ នោះនៅទីបំផុតនឹងក្លាយជាអ្នកញៀនល្បែងខាងនយោបាយ ដែលមានភាពភិតភ័យជារៀងរាល់ថ្ងៃ ហើយនឹងបាត់បង់កេរ្តិ៍ឈ្មោះទាំងអស់៕