(បាងកក)៖ រដ្ឋមន្រ្តីអប់រំនៃប្រទេសថៃ លោក អាណេក ឡាវសាំម៉ាថាស (Anek Laothamatas) បានថ្លែងថា រដ្ឋាភិបាលថៃកំពុងតែរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់សិស្សនិស្សិតគ្រប់កម្រិត ក៏ដូចជាប្រជាជនដែលរស់នៅក្បែរសាកលវិទ្យាល័យផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

លោក Anek Laothamatas បានលើកឡើងថា «យើងប៉ាន់ស្មានថា មានសិស្សនិសិ្សតប្រហែល ០២លាននាក់ទាំងនៅសាលារៀន និងនៅមហាវិទ្យាល័យ ដែលមានបំណងមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះ។ ហេតុដូច្នេះ ក្រសួងកំពុងត្រៀមផ្តល់ការចាក់វ៉ាក់សាំង នៅតាមបណ្តាសាខាដែលបានជ្រើសរើសហើយ ខណៈប្រជាជនដែលរស់នៅក្បែរនោះ ក៏នឹងត្រូវបានស្វាគមន៍ផងដែរ ក្នុងការមកទទួលការចាក់វ៉ាក់សាំងនេះ»

លោក Anek Laothamatas បានគូសបញ្ជាក់ទៀតថា «វ៉ាក់សាំងទាំងអស់ដែលបានចុះបញ្ជីនៅក្នុងប្រទេសថៃ គឺមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 នេះទាំងអស់ ហើយកម្រនឹងបង្កផលប៉ះពាល់ណាស់។ ដូច្នេះវាមិនសំខាន់នោះទេថា តើវ៉ាក់សាំងប្រភេទណាដែលអ្នកនឹងទទួលបាន ព្រោះរាល់វ៉ាក់សាំងទាំងអស់ គឺមានប្រសិទ្ធភាពដូចគ្នា តែអ្វីដែលសំខាន់គឺអ្នកត្រូវមកទទួលការចាក់ ឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ វ៉ាក់សាំងច្រើនជាង ០២លានដូសត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេសថៃហើយ ដោយគ្មានការរកឃើញ ករណីស្លាប់ណាមួយដោយសារតែវ៉ាក់សាំងឡើយ ខណៈមនុស្សជាច្រើននាក់បានស្លាប់ដោយសារ COVID-19 ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសថៃ៕