(ញូដេលី)៖ រដ្ឋយ៉ាងហោច ០២នៅប្រទេសឥណ្ឌាបានឲ្យដឹងថា ពួកគេគ្រោងប្រើប្រាស់ថ្នាំប្រឆាំងបរាសិតហៅថា អាយវើមិកធិន (Ivermectin) ដើម្បីការពារជំងឺ COVID-19 ស្របពេលដែលមន្ទីរពេទ្យនៅរដ្ឋទាំងនោះ ពោរពេញទៅដោយអ្នកជំងឺ ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ បើទោះបីជាអង្គការសុខភាពពិភពលោក (WHO) បានណែនាំថា ថ្នាំប្រភេទនេះគួរឆ្លងកាត់ការធ្វើតេស្តជាមុនក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

រដ្ឋទាំងពីរខាងលើគឺរដ្ឋ ហ្គ័រ (Goa) នៅភាគនិរតីប្រទេស និងរដ្ឋ អ៊ូតតារ៉ាខណ្ឌ (Uttarakhand) នៅភាគខាងជើងប្រទេស។ អង្គការសុខភាពពិភពលោក ធ្លាប់បានជំទាស់ជុំវិញការប្រើប្រាស់ជាទូទៅនៃថ្នាំ Ivermectin ដើម្បីព្យាបាលឬទប់ស្កាត់ COVID-19 លើកលែងតែក្នុងស្ថានភាពនៃការធ្វើតេស្ត ព្រោះគេមិនទាន់ច្បាស់អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ថ្នាំនេះ នៅពេលប្រើប្រាស់ប្រឆាំង COVID-19។

ក្នុងសប្តាហ៍នេះរដ្ឋ Goa បានឲ្យដឹងថា ខ្លួនគ្រោងផ្តល់ថ្នាំ Ivermectin ឲ្យទៅប្រជាជនទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ខណៈរដ្ឋ Uttarakhand បានប្រកាសថា ខ្លួននឹងចែកចាយថ្នាំប្រឆាំងបរាសិតនេះ ឲ្យទៅប្រជាជនគ្រប់រូប ដែលមានអាយុលើសពី ០២ឆ្នាំ លើកលែងតែស្រ្តីមានផ្ទៃពោះ។

គួរបញ្ជាក់ថា កាលពីខែមីនា និងខែមេសា រដ្ឋ Uttarakhand ជាកន្លែងទទួលរៀបចំពិធីបុណ្យសាសនាហិណ្ឌូដ៏ធំមួយ ដែលមានរយៈពេលប្រមាណជាមួយសប្តាហ៍ និងទាក់ទាញសាសនិករាប់លាននាក់មកពីទូទាំងប្រទេសឥណ្ឌា៕