(ឡុងដ៍)៖ ការសិក្សាថ្មីមួយនៅក្នុងចក្រភពអង់គ្លេសបានរកឃើញថាការពន្យារពេលចាក់វ៉ាក់សាំង Pfizer/BioNTech ដូសទី២ អាចជួយបង្កើនអង់ទីករឱ្យកាន់តែរឹងមាំ ខណៈរដ្ឋាភិបាលទីក្រុងឡុងដ៍ក៏បានសម្រេចចិត្តធ្វើបែបនេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

បើតាមការសិក្សាថ្មីខាងលើធ្វើឡើងដោយសាកលវិទ្យាល័យ University of Birmingham សហការជាមួយទីភ្នាក់ងារសុខាភិបាលសាធារណអង់គ្លេស អង់ទីករប្រឆាំង វីរុស COVID-19 មានចំនួនច្រើនជាង ៣ដងកន្លះ (៣.៥ដង) នៅក្នុងខ្លួនមនុស្សដែលបានចាក់វ៉ាក់សាំង Pfizer/BioNTech ដូសទី២ ក្រោយរយៈពេល ១២សប្ដាហ៍ នៃការចាក់វ៉ាក់សាំងដូសទី១ ធៀបទៅនឹងអ្នកចាក់ដូសទី២ ក្រោយ៣សប្ដាហ៍។

គួរបញ្ជាក់ថា ការសិក្សារបស់សាកលវិទ្យាល័យ Birmingham ធ្វើឡើងដោយផ្អែកលើការវិភាគសំណាកឈាមពីមនុស្សចំនួន១៧៥នាក់ ដែលមានអាយុច្រើនជាង ៨០ឆ្នាំ បន្ទាប់ពីពួកគេចាក់វ៉ាក់សាំងដូសទី២ បីសប្ដាហ៍ក្រោយចាក់ដូសទី១។ នៅក្នុងចំណោមអ្នកទាំងនេះ មាន៩៩នាក់ចាក់វ៉ាក់សាំងដូសទី២ ក្រោយបីសប្ដាហ៍ ខណៈ ៧២នាក់ទៀតចាក់វ៉ាក់សាំងដូសទី២ ក្រោយ ១២សប្ដាហ៍៕