(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា អ្នកដំណើរដែលមកពីប្រទេសវៀតណាម នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ នៅកន្លែងដែលអាជ្ញាធររៀបចំ ដោយសារការកើនឡើង នៃករណីឆ្លង COVID-19 នៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

កន្លងមក អ្នកដំណើរតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹម១៤ថ្ងៃប៉ុណ្ណោះ នៅកន្លែងដែលរៀបចំដោយអាជ្ញាធរ និងត្រូវតាមដានសុខភាព០៧ថ្ងៃបន្ថែម នៅកន្លែងស្នាក់នៅផ្ទាល់ខ្លួន និងកន្លែងស្នាក់អាស្រ័យផ្សេងៗ ដែលពួកគេចាត់ចែងដោយខ្លួនឯង ប៉ុន្តែនាពេលនេះ អ្នកមកពីប្រទេសវៀតណាម ត្រូវធ្វើចត្តាឡីស័ក២១ថ្ងៃពេញ នៅកន្លែងរៀបចំដោយអាជ្ញាធរសិង្ហបុរី។ គោលការណ៍ថ្មីនេះ នឹងត្រូវអនុវត្តភ្លាមៗ ក្រោយការចេញសេចក្តីប្រកាសខាងលើ របស់ក្រសួងសុខាភិបាលសិង្ហបុរី។

គួរបញ្ជាក់ថា អ្នកដំណើរទាំងនោះ ក៏នឹងត្រូវធ្វើតេស្តរក COVID-19 ផងដែរ ដោយមួយលើកដំបូង ពេលមកដល់សិង្ហបុរីភ្លាម, មួយលើកទៀត ពេលដល់ថ្ងៃទី១៤ នៃការធ្វើចត្តាឡីស័ក និងមួយលើកចុងក្រោយ មុនផុតការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃនោះ។ វៀតណាមបានរកឃើញ ករណីឆ្លងក្នុងសហគមន៍ជាថ្មីឡើងវិញ កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ ហើយមកទល់ពេលនេះ បន្តរកឃើញសរុបរាប់រយករណី៕