(បាងកក)៖ អាជ្ញាធរប្រទេសថៃ នៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,២៥៦នាក់ ព្រមទាំងករណីស្លាប់ថ្មី ៣០នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៥ករណីប៉ុណ្ណោះ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ទីក្រុងបាងកកនៅតែជាកន្លែងមាន ករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺ១,០៨៧នាក់ ហើយកន្លែងដែលមានករណីឆ្លងច្រើនៗ បន្ទាប់ទៀត គឺខេត្តPathum Thani ដែលមាន ១៥៧ករណី, ខេត្ត Nonthaburi ដែលមាន១៣១នាក់ និងខេត្ត Samut Prakan ដែលមាន១២១នាក់។

ចំណែកករណីអ្នកជំងឺទើបតែស្លាប់វិញ គឺ១១នាក់ ស្ថិតនៅទីក្រុងបាងកក, ០៤នាក់នៅខេត្ត Ratchaburi, ០២នាក់នៅខេត្ត Pathum Thani និង០២នាក់នៅខេត្ត Sa Kaew រីឯខេត្ត Samut Prakan, Chachoengsao, Chonburi, Sukhothai, Maha Sarakham, Chiang Rai, Suphan Buri, Nonthaburi, Roi-Et, Phattalung និង Surat Thani មាន០១នាក់ដូចគ្នា។ អ្នកទាំងនោះ មានអាយុចន្លោះ១៥-៨៥ឆ្នាំ ហើយសុទ្ធតែមានជំងឺរ៉ាំរ៉ៃប្រចាំកាយស្រាប់ ដូចជាជំងឺសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម និងជំងឺធាត់ ជាដើម។

គួរបញ្ជាក់ថា ថៃក៏បានរាយការណ៍ពីករណីអ្នកជំងឺ១,៧០២នាក់ ទើបជាសះស្បើយផងដែរ។ សរុបមកវិញ ករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសថៃ បានកើនដល់ ៩៦,០៥០នាក់ ក្នុងនោះ៨៩,៥៩៥នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ចំណែកអ្នកជាសះស្បើយសរុប មានចំនួន ៦២,៣១៦នាក់ និងស្លាប់៥៤៨នាក់។ រីឯតួលេខចាក់វ៉ាក់សាំង COVID-19 គឺវ៉ាក់សាំង២,១២៤,៧៣២ដូស ត្រូវបានចាក់នៅក្នុងប្រទេសថៃ៕