(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសចិនបានប្រកាសថា វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ៣៦៦.៩១លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជនទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យពីគណៈកម្មការសុខាភិបាលជាតិចិន (NHC)។

អ្នកនាំពាក្យ NHC លោក មី ហ្វឹង (Mi feng) បានបញ្ចេញទិន្នន័យខាងលើ ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង។ សម្រាប់រយៈពេល ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសចិនបានចាក់វ៉ាក់សាំងរហូតដល់ ១២.៦៤លានដូសឯណោះជូនប្រជាជន ដែលនេះជាតួលេខខ្ពស់បំផុត គិតចាប់តាំងពីចិនចាប់ផ្តើមរាយការណ៍ អំពីចំនួននៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ នៅក្នុងខែមីនា ឆ្នាំ២០២១។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះចិនបានប្រកាសរកឃើញអ្នកឆ្លង COVID-19 សរុប ០៧នាក់ទៀត ដោយក្នុងនោះ ០២នាក់គឺជាប្រភេទករណីឆ្លងសហគមន៍ដំបូង ដែលចិនមិនធ្លាប់ជួបប្រទះជាង ៣សប្តាហ៍មកហើយ។ ប្រទេសចិនមានករណីឆ្លង COVID-19 សរុប ៩០,៨១៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៥,៨៩៤នាក់៕