(តែល អាវីវ)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសុក្រនេះបានឱ្យដឹងថាខ្លួនបានដាក់ពង្រាយកងទ័ពជើងគោកបន្ថែម រួមទាំងកងពលកាំភ្លើងចំនួន២ និងរថក្រោះជាច្រើនគ្រឿង ទៅកាន់តំបន់ក្បែរព្រំដែនហ្គាហ្សា (Gaza)។ ការដាក់ពង្រាយកងទ័ពនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាអ៉ីស្រាអែលអះអាងថាពួកគេកំពុងពិចារណាលើ សេណារីយ៉ូទាំងអស់ ក្នុងនោះរួមមានទាំងការធ្វើប្រតិបត្តិការយោធាជើងគោកវាយលុកចូលក្នុងតំបន់ហ្គាហ្សាតែម្ដង នៅចំពោះមុខការព្រមានពីអង្គការសហប្រជាជាតិដែលថា ការធ្វើប្រតិបត្តិការយោធាបែបនេះ និងអំពើហិង្សានាពេលបច្ចុប្បន្នអាចផ្ទុះទៅជាសង្រ្គាមទាំងស្រុង។

មកទល់នឹងថ្ងៃសុក្រនេះ ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សាមានសភាពកាន់តែធ្ងន់ធ្ងរដោយអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៉ីស្រាអែលកើនដល់ ១១៣នាក់ហើយ ក្នុងនោះមានកុមារយ៉ាងហោច ៣១នាក់ និងជាង៦០០នាក់ទៀតរងរបួស។ ក្រុមហាម៉ាស់បានបាញ់គ្រាប់រ៉ុក្កែតជាង១,៧៥០គ្រាប់ ចេញពីហ្គាហ្សា ចូលក្នុងទឹកដីអ៉ីស្រាអែលគិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅមក តែគ្រាប់រ៉ុក្កែតទាំងនេះត្រូវបានប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែលបាញ់កម្ទេចចោលអស់ ៩០ភាគរយ។

*ត្រៀមលក្ខណៈវាយលុយចូលតំបន់ហ្គាហ្សា?

ការដាក់ពង្រាយកងទ័ពទៅកាន់តំបន់ព្រំដែនហ្គាហ្សា បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភថាអ៉ីស្រាអែលកំពុងត្រៀមលក្ខណៈវាយលុកចូលតំបន់ហ្គាហ្សាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៤ ដោយជម្លោះនៅកាលណោះបានផ្ដាច់ជីវិតប្រជាជនប៉ាឡេស្ទីន ២,០០០នាក់ និងអ៉ីស្រាអែល ៧២នាក់។ អ៉ីស្រាអែល និងក្រុមហាម៉ាស់ធ្លាប់ធ្វើសង្រ្គាម ជាមួយគ្នាអស់ ៣លើកមកហើយចាប់តាំងពីក្រុមហាម៉ាស់គ្រប់គ្រងតំបន់ហ្គាហ្សាកាលពីឆ្នាំ២០០៧មក។ យោធាអ៉ីស្រាអែលមិនបានបញ្ជាក់លម្អិតពីផែនការវាយលុយតាម ផ្លូវគោកដែលខ្លួនបានដាក់ជូនរដ្ឋាភិបាលទីក្រុងតែល អាវីវឡើយ ហើយថែមទាំងចេញសេចក្ដីថ្លែងការណ៍ធ្វើឱ្យគេកាន់តែសង្ស័យទៀតផង។

វរសេនីយ៍ទោលោក ចូណាថាន់ ខុនរីគូស (Jonathan Conricus) ជាអ្នកនាំពាក្យយោធាអ៉ីស្រាអែលបាននិយាយថាកងទ័ពជើងគោក និងជើងអាកាសកំពុងបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សាចេញពីទឹកដីអ៉ីស្រាអែល ដោយប្រើរថកោះ និងកាំភ្លើងធំ រួមទាំងយន្ដហោះចម្បាំង។ លោក ចូណាថាន់កាលពីដំបូងឡើយបានបង្ហើបថា កងទ័ពអ៉ីស្រាអែលបានចូលទៅក្នុងតំបន់ហ្គាហ្សាហើយ ប៉ុន្តែក្រោយមកស្រាប់លុបចោលការលើកឡើងបែបនេះទៅវិញ។ «ពេលនេះ កងទ័ពជើងគោកត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់ព្រំដែន ហើយពួកគេកំពុងចូលរួមក្នុងការវាយប្រហារលើតំបន់ហ្គាហ្សាចេញពីតំបន់ព្រំដែន»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យយោធាអ៉ីស្រាអែលរូបនេះ។

បើតាមព័ត៌មានជាច្រើន កងទ័ពអ៉ីស្រាអែល ៣,០០០ ទៅ ៤,០០០នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សាកាលពីពេលៗថ្មីនេះ។ តែក្រុមអ្នកជំនាញខាងយោធាយល់ថា ចំនួនកងទ័ពប៉ុណ្ណេះបង្ហាញថាប្រតិបត្តិការយោធាអ៉ីស្រាអែលនៅមានកម្រិតនៅឡើយ ពីព្រោះការធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំគឺត្រូវការចំនួនកងទ័ពច្រើនជាងនេះ។

*កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត

ក្រសួងការបរទេសរុស្ស៊ីបានរាយការណ៍ថាក្រុមមន្ត្រីហាម៉ាស់បានទំនាក់ទំនងមកកាន់វិមានក្រឹមឡាំង ដោយនិយាយថាពួកគេត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាគ្នាពីបទឈប់បាញ់។ អេហ្ស៊ីប, កាតា សហរដ្ឋអាមេរិក, ចិន, រុស្ស៊ី,សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិបាន និងកំពុងដុតដៃដុតជើងបញ្ចុះបញ្ចូលឱ្យ អ៉ីស្រាអែល និងហាម៉ាស់បន្ធូរបន្ថយភាពតានតឹង។

សហរដ្ឋអាមេរិកបានបញ្ជូនបេសកជនពិសេសម្នាក់ គឺលោក ហាឌី អាម (Hady Amr) ទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងគោលបំណងសាកល្បងស្វែងរកដំណោះស្រាយបន្ធូរបន្ថយ ជម្លោះស្របពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនក៏បានបង្ហាញថាក្ដីរំពឹងដែរថាជម្លោះរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ក៏ប៉ុន្តែបច្ចុប្បន្ន បទឈប់បាញ់ស្នើឡើងដោយអេហ្ស៊ីប កាតា និងអង្គការសហប្រជាជាតិហាក់ដូចជាមិនមានសញ្ញារីកចម្រើនទៅមុខសោះ ហើយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក នេតាន់យ៉ាហ៊ូ ថែមទាំងបញ្ជាក់ដែរថានឹងបន្តការវាយប្រហារយ៉ាងចាស់ដៃលើក្រុមហាម៉ាស់ មុននឹងទទួលយកបទឈ​ប់​បា​ញ់​​ណា​មួ​យ​។​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងត្រូវជួបពិភាក្សានៅថ្ងៃអាទិត្យចុងសប្ដាហ៍ស្ដីពីជម្លោះអ៉ីស្រាអែល និងប៉ាឡេស្ទីន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនជំទាស់នឹងការរៀបចំ កិច្ចប្រជុំតាមអនឡាញមួយស្នើឡើងដោយចិន ន័រវែស និងទុយនីស៊ី។

*ប្រយោជន៍នយោបាយ?

ក្រុមអ្នកជំនាញមួយចំនួនយល់ថាការបង្កើនការវាយលុកលើតំបន់ហ្គាហ្សារបស់អ៉ីស្រាអែល គឺជាចេតនារបស់នាយករដ្ឋមន្ត្រីលោក នេតាន់យ៉ាហ៊ូ ដែលចង់បង្វែរការចាប់អារម្មណ៍ ពីវិបត្តិនយោបាយនៅក្នុងស្រុក និងសំណុំរឿងក្ដីក្ដាំពុករលួយរបស់លោកផ្ទាល់។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កិច្ចចរចាបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្សប្រឆាំងបានទទួលបរាជ័យ។ លោក ណាហ្វតាលី បេននែត (Naftali Bennett) ដែលជាអ្នកនយោបាយអ៉ីស្រាអែលម្នាក់ប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនបានដកខ្លួនចេញពី កិច្ចចរចាដោយបញ្ជាក់ថាដោយសារតែការប្រកាសភាពអាសន្ននៅតាមទីក្រុងជាច្រើន ក្នុងប្រទេសអ៉ីស្រាអែលជាទីដែលអំពើហិង្សារវាងអារ៉ាប់ និងជនជាតិជ្វីហ្វ (អ៉ីស្រាអែល) រាលដាលកាន់តែខ្លាំងឡើង។

ការដកខ្លួនចេញពីកិច្ចចរចារបស់លោក Naftali Bennett ធ្វើឱ្យគេយល់ថាអ៉ីស្រាអែលអាចនឹងត្រូវរៀបចំការបោះឆ្នោតសកលសាជាថ្មីនៅរដូវក្ដៅនេះ និងជាលើកទី៥ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ ម្យ៉ាងវិញទៀត ការដួលរលំកិច្ចចរចានេះគឺនឹងផ្ដល់ផលចំណេញឱ្យលោក នេតាន់យ៉ាហ៊ូអាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ និងកាន់តែ ធ្វើឱ្យគណបក្សប្រឆាំងពិបាកក្នុងការបង្កើតសម្ព័ន្ធភាពមួយដែលមានសំឡេងគ្រប់គ្រាន់អាចបណ្ដេញរូបលោកចេញពីអំណាច។

ចំណែកឯ ខាងភាគីប៉ាឡេស្ទីន ការសម្រេចចិត្តពន្យារពេលការបោះឆ្នោតមិនមានកាលកំណត់កាលពីខែមុនដោយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាស់មូត អាបាស់ (Mahmoud Abbas) បានបង្កើតចន្លោះប្រហោងមួយឱ្យក្រុមហាម៉ាស់ជាអ្នកបំពេញ នោះគឺដើរតួនាទីជា «អ្នកការពារផលប្រយោជន៍ប៉ាឡេស្ទីន និងជាអ្នកតស៊ូប្រឆាំងជាមួយ អ៉ីស្រាអែល» សំដៅប្រមូលការគាំទ្រពីប្រជាជនប៉ាឡេស្ទីន។ ប៉ាឡេស្ទីនត្រូវបានបែងជាពីរ គឺរដ្ឋាភិបាលហ្វាតាស់របស់លោក ម៉ាស់មូត អាបាស់មានមូលដ្ឋាននៅក្នុងតំបន់ West Bank និងរដ្ឋាភិបាលហាម៉ាស់គ្រប់គ្រងតំបន់ហ្គាហ្សា៕

ប្រភព៖ AFP (ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១)