(ហាណូយ)៖ នៅសុក្រនេះប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១០៦នាក់ទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ៣,៧១០នាក់ ខណៈចំនួនអ្នកស្លាប់ស្ថិតនៅ ៣៥នាក់ដដែល និងអ្នកជាសះស្បើយវិញមានចំនួន ២,៦៥៧នាក់។ នេះបើយោងតាមគេហទំព័រពិភពលោក Worldometers នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

ទីក្រុង ដា ណាង (Da Nang) ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃសុក្រនេះបានប្រកាសដាក់ចេញ នូវបម្រាមក្នុងការជួបជុំមនុស្សចាប់ពី ០៥នាក់ឡើងទៅ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ខណៈទីក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ បានរកឃើញអ្នកឆ្លងថ្មីៗជាលំដាប់ គិតចាប់តាំងពីករណីឆ្លងសហគមន៍ ផ្ទុះឡើងវិញនៅវៀតណាមកាលពីចុងខែមេសា។

គួរបញ្ជាក់ថា គិតចាប់ពីតាំងពីថ្ងៃទី២៧ ខែមេសា មកដល់ថ្ងៃទី១៤ ខែឧសភានេះ វៀតណាមបានកត់ត្រាករណីឆ្លង COVID-19 ក្នុងសហគមន៍ប្រមាណ ៧១៣ករណី នៅក្នុងខេត្ត និងទីក្រុងសរុបចំនួន ២៦។ វិធានការរឹតបន្តឹង និងការបិទខ្ទប់តំបន់តូចៗ ជាពិសេសនៅក្នុងរដ្ឋធានីហាណូយ ក៏ត្រូវបានដាក់ចេញរួចមកហើយដែរ៕