(ញូវដេលី)៖ ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងបាននិយានៅថ្ងៃសុក្រនេះថា ប្រទេសឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ជាមួយនឹងវ៉ាក់សាំង Sputnik V របស់រុស្ស៊ីសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) ដែលបានជួយជាថវិកាសម្រាប់វ៉ាក់សាំងនេះបាននិយាយថា យុទ្ធនាការវ៉ាក់សាំង Sputnik V បានចាប់ផ្តើមនៅភាគខាងត្បូងទីក្រុង Hyderabad នៅថ្ងៃសុក្រនេះ ដែលធ្វើឱ្យវ៉ាក់សាំងនេះក្លាយជាវ៉ាក់សាំងផលិតដោយបរទេសដំបូងគេ ដែលត្រូវបានប្រើនៅក្នុងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik ត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា កាលពីពាក់កណ្តាលខែមេសា ក្រោមលក្ខណ្ឌបន្ទាន់ ហើយបាច់ដំបូងនៃវ៉ាក់សាំងនេះបានមកដល់កាលពីថ្ងៃទី១ ខែឧសភាកន្លងទៅ៕