(ប៉េកាំង)៖ អ្វីដែលគ្រប់បាននិងកំពុងទន្ទឹងរង់ចាំ ចាប់តាំងពីខែកុម្ភៈមកនោះ នៅទីបំផុតជិតក្លាយជាការពិតហើយ ដោយរដ្ឋបាលអវកាសជាតិចិន (CNSA) បានសម្រេចប្រើប្រាស់ថេរវេលាចាប់ពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែឧសភានេះ រហូតដល់ថ្ងៃទី១៩ ខែឧសភា (ម៉ោងនៅទីក្រុងប៉េកាំង) ដើម្បីទម្លាក់ជើងទម្រ (Lander) ដែលផ្ទុកយានចល័ត (Rover) របស់បេសកកម្មធានវិន-១ (Tianwen-1) ចំនួនមួយគ្រឿង ទៅលើផ្ទៃភពព្រះអង្គារជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍នេះ ដកស្រង់ចេញពីសេចក្តីប្រកាសរបស់ CNSA។
CNSA បានគូសបញ្ជាក់ថា បេសកកម្ម Tianwen-1 ទាំងមូល ដែលមានផ្កាយរណប, ជើងទម្រ និងគ្រឿងយន្តចល័ត បានដំណើរការទៅយ៉ាងល្អ នៅក្រោយការបាញ់បង្ហោះសំដៅទៅរកភពអង្គារ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយវាបានជ្រៀតចូលគន្លងគោចរ នៅជុំវិញភពអង្គារដោយជោគជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាម CNSA គ្រឿងយន្តចល័តរបស់ Tianwen-1 នឹងត្រូវចុះចតនៅក្នុងតំបន់់មួយមានឈ្មោះថា យូថូភា ផ្លានីធា (Utopia Planitia) ស្ថិតនៅអឌ្ឍគោលខាងជើងនៃភពអង្គារ ដែលត្រូវបានគេស្គាល់ផងដែរថា ជាអតីតបឹងយក្សដ៏ធំមួយនៃភពអង្គារ។ Tianwen-1 គឺជាការធ្វើតេស្តសមត្ថភាពដ៏ធំមួយរបស់វិស័យចិន នៅក្នុងការស្រាវជ្រាវ និងធ្វើទំនាក់ទំនងរវាងយាននៅក្នុងទីអវកាសឆ្ងាយៗ ហើយក៏ដើម្បីស្វែងយល់ពីអតីតនៃភពអង្គារ៕