(ប៉េកាំង)៖ នៅវេលាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងប៉េកាំង) យានចល័ត (Rover) របស់បេសកកម្មស្រាវជ្រាវភពអង្គាររបស់ចិន ធានវិន-១ (Tianwen-1) បានធ្វើការចុះចតដោយជោគជ័យហើយ នៅក្នុងតំបន់់មួយមានឈ្មោះថា យូថូភា ផ្លានីធា (Utopia Planitia) ស្ថិតនៅអឌ្ឍគោលខាងជើងនៃភពអង្គារ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
វាគឺជាលើកដំបូងបំផុតហើយសម្រាប់ចិន ដែលមានយានអាចចុះចតដោយជោគជ័យ លើភពផ្សេងទៀតក្រៅពីភពផែនដី។ បេសកកម្ម Tianwen-1 ទាំងមូល ដែលមានផ្កាយរណប, ជើងទម្រ និងគ្រឿងយន្តចល័ត បានដំណើរការទៅយ៉ាងល្អ នៅក្រោយការបាញ់បង្ហោះសំដៅទៅរកភពអង្គារ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយវាបានជ្រៀតចូលគន្លងគោចរ នៅជុំវិញភពអង្គារដោយជោគជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
Tianwen-1 បានចំណាយរហូតដល់ទៅជាង ២ខែ ដើម្បីសិក្សា និងស្វែងរកកន្លែងចុះចត Rover ដ៏សក្តិសមមួយ ហើយនៅទីបំផុតវាបានរកឃើញទីតាំងខាងលើនេះតែម្តងគឺ យូថូភា ផ្លានីធា (Utopia Planitia) ដែលជាអតីតបឹងដ៏ធំមួយ និងផ្ទៃរាបស្មើបំផុត។ នៅពេលទាបភ្លឺថ្ងៃសៅរ៍នេះ (ពេលវេលានៅប៉េកាំង) ផ្កាយរណប (orbiter) របស់ Tianwen-1 បានទម្លាក់ខ្លួនចុះមកកាន់គន្លងគោចរកម្រិតទាប រួចក៏ធ្វើការទម្លាក់ប្រអប់ ខាប់ស៊ុល (capsule) ដែលមានផ្ទុកជើងទម្រង (Lander) និង យានចល័ត (Rover) នៅវេលាម៉ោង ៤៖០០នាទីទាបភ្លឺ។
ក្រោយការចល័តនៅលើគន្លងគោចរភពអង្គារអស់ ៣ម៉ោង នៅទីបំផុតប្រអប់ Capsule បានចាប់ផ្តើមបុកចូលបរិយាកាសភពអង្គារ ដោយល្បឿនចាប់ពី ៤.៨គីឡូម៉ែត្រក្នុងមួយវិនាទី រហូតដល់ ៤៦០ម៉ែត្រក្នុងមួយវិនាទី។ បន្ទាប់មកឆ័ត្រយោងត្រូវបានគ្រលាស់ចេញ ហើយបានបន្ថយល្បឿនប្រអប់ Capsule ដែលផ្ទុកជើងទម្រ និងយានចល័តនោះឲ្យមកនៅ ១០០ម៉ែត្រក្នុងមួយវិនាទីវិញ។
នៅក្នុងតំណាក់កាលចុងក្រោយ បន្ទះនៅពីមុខ Capsule ត្រូវបានទម្លាក់ចេញដើម្បីអនុញ្ញាតឲ្យ lander និង Rover អាចត្រូវបានផ្តាច់ចេញពី Capsule និង ឆ័ត្រយោង ហើយប្រើប្រាស់គ្រាប់រ៉ុក្កែតទប់ល្បឿន ដែលមាននៅជាប់ខ្លួន Lander ដើម្បីបន្ថយល្បឿនរហូតមកនៅក្បែរ ០ ទើបវាអាចចុះចតលើផ្ទៃភពអង្គារ ប្រកបដោយជោគជ័យតែម្តង។
គួរបញ្ជាក់តាមលោក ហ្គែង យ៉ាន (Geng Yan) មន្ត្រីនៃរដ្ឋបាលអវកាសជាតិចិន (CNSA) បានឲ្យដឹងថា ការចុះចតដំណាក់កាលចុងក្រោយគឺមានរយៈពេល ៩នាទី ហើយស្ថិតនៅក្នុងរយៈកម្ពស់ ១០០ម៉ែត្រពីផ្ទៃដីភពអង្គារ Tianwen-1 បានព្យាយាមគណនារកទីកន្លែងសមរម្យ និងគណនាកម្រិតល្បឿនដោយស្វ័យប្រវត្តិ ដើម្បីចុះចតខ្លួនវាដោយសុវត្ថិភាព ដោយគ្មានការបញ្ជាពីអ្នកលើផែនដីនោះឡើយ៕