(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ចក្រភពអង់គ្លេសនឹងពន្លឿនកម្មវិធី ចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញដំបូងគេ នៅក្នុងប្រទេសឥណ្ឌា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការបើកប្រទេសឡើងវិញទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។
ចក្រភពអង់គ្លេសបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ដ៏លឿនបំផុតមួយនៅលើពិភពលោក ដោយបានផ្ដល់ការចាក់ដូសទី១ជូនដល់ ប្រជាជនពេញវ័យស្ទើរតែ ៧០ភាគរយហើយ និងដូសទី២ ប្រហែល ៣៦ភាគរយដែលជួយកាត់បន្ថយនូវអត្រាការឆ្លង និងការស្លាប់នៅក្នុងប្រទេស ផងដែរ។
ប៉ុន្តែការផ្ទុះឡើងនូវវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ឬគេស្គាល់ថាវីរុស B16172 នៅផ្នែកខ្លះនៃភាគខាងជើង ចក្រភពអង់គ្លេស និងទីក្រុងឡុងដ៍បានជំរុញឱ្យអ្នកវិទ្យាសាស្ត្រមួយចំនួនអំពាវនាវឱ្យពន្យារពេលការបើកឡើងវិញ និងពិចារណាអំពីល្បឿននៃ ការចាក់វ៉ាក់សាំងនេះ។
ជុំវិញបញ្ហានេះ លោក Boris Johnson បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «ខ្ញុំជឿជាក់ថាយើងគួរជឿជាក់លើវ៉ាក់សាំងរបស់យើងដើម្បី ការពារសាធារណជនជាមួយនឹងការឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់ ពីព្រោះការប្រកួតប្រជែងរវាងការចាក់វ៉ាក់សាំង និងការឆ្លងរីករាលដាលនៃវីរុស ដ៏កាចសាហាវនេះប្រហែលជាអាចនឹងក្លាយជាបញ្ហាធំ»។
លោក Johnson បានបន្ថែមទៀតថា រដ្ឋាភិបាលនឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាជនដែលមានអាយុលើសពី៥០ឆ្នាំ និងប្រជាជនដែល ងាយរងគ្រោះក្នុងរយៈពេលត្រឹមតែ ០៨សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការចាក់ដូសទី១ ហើយនឹងផ្តល់អាទិភាពចំពោះការចាក់ដូសទី១ ជូនដល់អ្នកដែលមិនទាន់ បានទទួលវា។
ទោះជាយ៉ាងនេះក្តី ការឆ្លងរីករាលដាលនៃវីរុស B16172 នៅតែអាចរំខានដល់វឌ្ឍនភាពរបស់ចក្រភពអង់គ្លេសចេញពីភាពជាប់គាំងដែលធ្វើឱ្យ មានការលំបាកក្នុងការឈានទៅដំណាក់កាលចុងក្រោយនៃការបើកសេដ្ឋកិច្ចឡើងវិញ នៅក្នុងខែមិថុនាខាងមុខនេះ។ លោក Boris Johnson មានបំណង ដកចេញនូវវិធានការរឹតត្បិតទាំងអស់នៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ បន្ទាប់ពីអនុញ្ញាតឱ្យប្រជាជននៅចក្រភពអង់គ្លេសចាប់ផ្ដើមជួបជុំគ្នាជាក្រុមតូចៗ ក្នុងផ្ទះ និងធ្វើដំណើរទៅបរទេសឡើងវិញ៕