(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រឹកថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៣,០៩៥នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១៧នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។
បើតាមទិន្នន័យពី CCSA នៅក្នុងចំណោមករណីឆ្លងថ្មីៗនៃ COVID-19 ទាំង ៣,០៩៥នាក់នោះ មាន ២,២១៨នាក់ជាករណីឆ្លងទូទៅ និង ៨៧៧នាក់ទៀតជាករណីឆ្លងក្នុងពន្ធនាគារ។ នេះជាថ្ងៃទីបីហើយ ដែលប្រទេសថៃបានកត់ត្រាចំនួនករណីឆ្លង COVID-19 យ៉ាងគំហុកក្នុងពន្ធនាគារ ជាពិសេសនៅក្នុងពន្ធនាគារទីក្រុងបាងកក។
គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃកើនដល់ ៩៩,១៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥៦៥នាក់ និងជាសះស្បើយវិញជាង ៦ម៉ឺននាក់។ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២.១២លានដូសជូនប្រជាជន ក្នុងនោះ ១.៤១លាននាក់បានចាក់ដូសដំបូង (២% នៃប្រជាជនសរុប) និង ០.៧លាននាក់បានចាក់គ្រប់ដូស (១% នៃប្រជាជនសរុប)៕