(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះប្រកាសបញ្ចូលជាផ្លូវការសហរដ្ឋអាមេរិក និងសាធារណរដ្ឋឆែកទៅក្នុងបញ្ជីឈ្មោះនៃ «ប្រទេស ឬរដ្ឋអមិត្ត» (unfriendly states) ខណៈទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូធ្លាក់ចុះដុនដាបកាន់តែខ្លាំងចាប់តាំងពីលោក ចូ បៃដិនឡើងកាន់តំណែងជា ប្រធានាធិបតីមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋាភិបាលរុស្ស៊ីបានចេញក្រឹត្យមួយចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី លោក មីកាអែល មីសស៊ូស្ទីន (Mikhail Mishustin) អមជាមួយបញ្ជីឈ្មោះប្រទេស អមិត្ត ដែលធ្វើសកម្មភាពអមិត្តប្រឆាំងរុស្ស៊ី, ពលរដ្ឋរុស្ស៊ី ឬអង្គភាពរុស្ស៊ី។ បន្ទាប់ពីដាក់បញ្ចូលប្រទេសទាំង២ក្នុងបញ្ជីរដ្ឋអមិត្ត រុស្ស៊ីបានអនុញ្ញាតឱ្យស្ថានទូតឆែកជួលបុគ្គលិកជាជនជាតិរុស្ស៊ីមិនឱ្យលើសពី១៩នាក់ ខណៈស្ថានទូតអាមេរិកត្រូវហាមមិនឱ្យមានជនជាតិរុស្ស៊ីចូលបម្រើការនោះទេ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាទីក្រុងម៉ូស្គូនៅតែ ត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចសន្ទនា ហើយសង្កត់ធ្ងន់ដែរថាបច្ចុប្បន្នមានតែអាមេរិក និងឆែកប៉ុណ្ណោះត្រូវបានបញ្ចូលក្នុងបញ្ជីរដ្ឋអមិត្ត។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានធ្លាក់ចុះដុនដាបកាន់តែខ្លាំងចាប់តាំងពីលោក ចូ បៃដិនឡើងកាន់តំណែងជាប្រធានាធិបតី កាលពីចុងខែមករាមក និងបន្ទាប់ពីលោកហៅលោក ពូទីន ថាជា «ឃាតក»

លើសពីនេះទៅទៀត រដ្ឋបាលលោក ចូ បៃដិន កាលពីខែមេសាកន្លងទៅ បានប្រកាសដាក់ទណ្ឌកម្ម និងបណ្ដេញមន្ត្រីទូតរុស្ស៊ី១០នាក់ចេញពីប្រទេស ជាការសងសឹកទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនចោទថារុស្ស៊ីលូកលាន់ កិច្ចការបោះឆ្នោតអាមេរិក និងការវាយប្រហារព័ត៌មានវិទ្យា។ ជាការឆ្លើយតប រុស្ស៊ីក៏បានបណ្ដេញមន្ត្រីទូតអាមេរិក១០នាក់ និងហាមឃាត់មន្ត្រីជាន់ខ្ពស់ អាមេរិកមួយចំនួនចូលក្នុងប្រទេសរបស់ខ្លួន ក៏ដូចហាមស្ថានទូតអាមេរិកមិនឱ្យ ជួលបុគ្គលិកជាជនបរទេសផងដែរ៕