(កៀវ)៖ ប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា យោធារបស់ខ្លួនបានធ្វើសមយុទ្ធបាញ់កាំភ្លើងធំនៅជិតឧបទ្វីបគ្រីមៀ (Crimea) ចំពេល កំពុងតានតឹងជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក Serhiy Nayev មេបញ្ជាការប្រតិបត្តិការកងកម្លាំងចម្រុះអ៊ុយក្រែនបានគូសបញ្ជាក់ថា នៅក្នុងការធ្វើសមយុទ្ធនេះ គ្រាប់រ៉ុក្កែត ២២០មីល្លីម៉ែត្រត្រូវបានគេប្រើប្រាស់ក្រោមលក្ខខណ្ឌដែលជិតទៅនឹងការប្រយុទ្ធតាមដែលអាចធ្វើទៅបាន។ លោកបន្ថែមទៀតថា កងកាំភ្លើងធំគឺត្រៀមខ្លួន រួចជាស្រេចសម្រាប់ការប្រយុទ្ធ និងត្រៀមខ្លួនឆ្លើយតបនឹងការគំរាមកំហែងផ្នែកយោធាផងដែរ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅបឧបទ្វីគ្រីមៀកាលពីចុងខែមេសាកន្លងទៅ ចំពេលមានភាពតានតឹងកើនឡើងជាមួយ ប្រទេសអ៊ុយក្រែន។ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីរុស្ស៊ីត្រូវបានគេចោទថាបានក្រសោបយកតំបន់គ្រីមៀកាលពី ខែមីនា ឆ្នាំ២០១៤ កន្លងទៅ តាមរយៈការបោះឆ្នោតប្រជាមតិមួយក្នុងតំបន់៕