(តៃប៉ិ)៖ ទីភ្នាក់ងារត្រួតពិនិត្យជំងឺនៃកោះតៃវ៉ាន់ បានប្រកាសនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរកោះតៃវ៉ាន់បានសម្រេចបង្កើនកម្រិតអាសន្នអំពី COVID-19 ឡើងដល់លេខ ៣ សម្រាប់ទីក្រុងតៃប៉ិ និងទីក្រុងតៃប៉ិថ្មី បន្ទាប់ពីកោះនេះបានរកឃើញនូវករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ១៨៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារត្រួតពិនិត្យជំងឺកោះតៃវ៉ាន់ កម្រិតអាសន្នលេខ ៣នេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែឧសភា។ នៅក្រោមប្រព័ន្ធកម្រិតអាសន្ន ៤ កម្រិតរបស់កោះតៃវ៉ាន់នេះ កម្រិតអាសន្នលេខ ៣ គឺតម្រូវឲ្យប្រជាជនទាំងអស់ ចូលរួមពាក់ម៉ាសគ្រប់ពេលវេលា នៅពេលពួកគេចាកចេញពីផ្ទះ និងហាមឃាត់ការជួបជុំគ្នានៅក្នុងផ្ទះលើសពីមនុស្ស ០៥នាក់ ព្រមទាំងកំណត់ការជួបជុំគ្នានៅខាងក្រៅត្រឹមមនុស្ស ១០នាក់ផងដែរ។

រហូតមកដល់ពេលនេះ កន្លែងកម្សាន្តនានានៅទូទាំងកោះតៃវ៉ាន់ ត្រូវបានស្នើសុំឱ្យបិទទ្វារ ខណៈសាលាបឋមសិក្សា និងមធ្យមសិក្សា ក៏ត្រូវបានណែនាំឱ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ។ កន្លងមកនេះ កោះតៃវ៉ាន់ត្រូវគេចាត់ទុកថា បានគ្រប់គ្រងការរាតត្បាត COVID-19 បានយ៉ាងល្អប្រសើរ។ គិតត្រឹមថ្ងៃសៅរ៍នេះ ដែនកោះដែលមានប្រជាជនរស់នៅជាង ២៣លាននាក់មួយនេះ មានករណីឆ្លង COVID-19 សរុប ១,៤៧៥ករណី ក្នុងនោះស្លាប់ ១២នាក់ និងជាសះស្បើយវិញ ១,១១៦នាក់៕