(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ជនជាតិប៉ាឡេស្ទីនកើនដល់ ១៣៧នាក់ ក្នុងនោះមានកុមារ ៣៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៉ីស្រាអែល និង ៩២០នាក់ផ្សេងទៀតរងបួស គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍មក។ ចំណែកឯ ខាងភាគីអ៉ីស្រាអែលមានមនុស្ស ៩នាក់បានស្លាប់ដោយសារការវាយប្រហារ គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់។

២៖ អាជ្ញាធរចិនបាននៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាមនុស្ស ០៦នាក់បានស្លាប់ និង២១៨នាក់ទៀតរងរបួស បន្ទាប់ពីព្យុះកំណាច ថូណាដូ (tornado) មួយបានវាយប្រហារលើទីក្រុងវូហាន នៃខេត្តហ៊ូប៉ី (Hubei) កាលពីយប់ថ្ងៃសុក្រ។

៣៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ចក្រភពអង់គ្លេសនឹងពន្លឿនកម្មវិធី ចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញដំបូងគេ នៅក្នុងប្រទេសឥណ្ឌា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការបើកប្រទេសឡើងវិញទាំងស្រុង។

៤៖ ទីភ្នាក់ងារត្រួតពិនិត្យជំងឺនៃកោះតៃវ៉ាន់ បានប្រកាសនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរកោះតៃវ៉ាន់បានសម្រេចបង្កើនកម្រិតអាសន្នអំពី COVID-19 ឡើងដល់លេខ ៣ សម្រាប់ទីក្រុងតៃប៉ិ និងទីក្រុងតៃប៉ិថ្មី បន្ទាប់ពីកោះនេះបានរកឃើញនូវករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ១៨៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។

៥៖ អ្វីដែលគ្រប់បាននិងកំពុងទន្ទឹងរង់ចាំ ចាប់តាំងពីខែកុម្ភៈមកនោះ នៅទីបំផុតជិតក្លាយជាការពិតហើយ ដោយរដ្ឋបាលអវកាសជាតិចិន (CNSA) បានសម្រេចប្រើប្រាស់ថេរវេលាចាប់ពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែឧសភានេះ រហូតដល់ថ្ងៃទី១៩ ខែឧសភា (ម៉ោងនៅទីក្រុងប៉េកាំង) ដើម្បីទម្លាក់ជើងទម្រ (Lander) ដែលផ្ទុកយានចល័ត (Rover) របស់បេសកកម្មធានវិន-១ (Tianwen-1) ចំនួនមួយគ្រឿង ទៅលើផ្ទៃភពព្រះអង្គារជាលើកដំបូង។

៦៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នេះបានឱ្យដឹងថាប្រទេសចិនបានយល់ព្រមអនុម័តហើយលើវ៉ាក់សាំង COVID-19 ថ្មីមួយទៀតដែលប្រើប្រាស់បច្ចេកវិទ្យា «inactivated vaccine» សម្រាប់ការប្រើបាស់បន្ទាន់៕