(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍នេះបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ធ្វើអន្តរាគមន៍បញ្ឈប់ជាបន្ទាន់ ការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា (Gaza) ខណៈស្ថានភាពនៃជម្លោះហាក់មិនមានភាពធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សាបានឈានចូលដល់ថ្ងៃទី០៦ហើយ រីឯជនជាតិប៉ាឡេស្ទីនដែលស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានកើនដល់ ១៤០នាក់ ក្នុងនោះមានកុមារ៣៩នាក់ និងស្រ្តី២២នាក់ ខណៈភាគីអ៉ីស្រាអែលមាន អ្នកស្លាប់យ៉ាងហោច ៩នាក់។

ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយីតឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) បានឱ្យដឹងថានៅក្នុង
កិច្ចសន្ទនាតាមទូរស័ព្ទ លោក និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) យល់ស្របដូចគ្នាថាអ៉ីស្រាអែលត្រូវតែបញ្ឈប់អំពើហិង្សា ជាបន្ទាន់។ លោក មូហៃយីតឌីន បានគូសបញ្ជាក់ដូច្នេះថា៖ «ពួកយើងយល់ឃើញដូចគ្នាថាសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអាយុជីវិតប្រជាជនប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា បើតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកទល់នឹងថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនទាន់បានចេញសេចក្ដីថ្លែងការណ៍រួម ណាមួយជុំវិញជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីននៅឡើយទេ ដោយសារតែមានការជំទាស់ពីសហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏ធំរបស់អ៉ីស្រាអែល៕