(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្ញើសារអបអរសាទរ បន្ទាប់ពីការចុះចតដោយជោគជ័យ នៃយានបេសកកម្ម Tianwen-1 របស់ប្រទេសចិន នៅលើផ្ទៃភពអង្គារ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈប៉ុន្មានខែមុន NASA ក៏ទើបតែបានចុះចតយាន ដោយជោគជ័យនៅទីនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។

លោក ថូម៉ាស ហ្សឺប៊ូជែន (Thomas Zurbuchen) មន្រ្តីរបស់ទីភ្នាក់ងារអវកាស NASA បានបង្ហោះសារអបអរនោះនៅលើប្រព័ន្ធ Twitter ចំពោះក្រុមការងារបេសកម្ម Tianwen-1 នៃទីភ្នាក់ងារអវកាសចិន CNSA សម្រាប់ការចុះចតដោយជោគជ័យ នៃយានរ៉ូបូតចល័តដំបូង បំផុតរបស់ប្រទេសចិន នៅលើផ្ទៃភពអង្គារ ឈ្មោះថា ជូរ៉ុង (Zhurong) ហើយលោកបានបន្ថែមថា NASA នឹងទន្ទឹងរង់ចាំការចូលរួមចំណែកយ៉ាងសំខាន់ ដែលបេសកកម្មរបស់ចិននេះ សម្រេចបាន ដើម្បីជាប្រយោជន៍ដល់ការយល់ដឹងនៃភពអង្គារ របស់មនុស្សជាតិយើង។

គួរបញ្ជាក់ថា កាលពីថ្ងៃកុម្ភៈ ឆ្នាំ២០២១នេះ ទីភ្នាក់ងារអវកាសអាមេរិក បានចុះចតយានរ៉ូបូតចល័តថ្មីរបស់ខ្លួន ឈ្មោះថា ភើសឺវារ៉ិន (Perseverance) នៅលើផ្ទៃភពអង្គារ។ ដោយឡែក សម្រាប់ចិនវិញ វាគឺជាលើកដំបូងបំផុតហើយ ដែលមហាយក្សនៅអាស៉ីមួយនេះ មានយានអាចចុះចតដោយជោគជ័យ លើភពផ្សេងទៀតក្រៅពីភពផែនដី។ បេសកកម្ម Tianwen-1 ទាំងមូល ដែលមានផ្កាយរណប, ជើងទម្រ និងគ្រឿងយន្តចល័ត បានដំណើរការទៅយ៉ាងល្អ នៅក្រោយការបាញ់បង្ហោះសំដៅទៅរកភពអង្គារ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយវាបានជ្រៀតចូលគន្លងគោចរ នៅជុំវិញភពអង្គារដោយជោគជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១៕