(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសអូស្រ្តាលីនៅតែប្រកាន់ជំហរថា នឹងមិនទាន់បើកព្រំដែនជាមួយពិភពលោកវិញឡើយ រហូតទាល់តែដល់ពាក់កណ្តាលឆ្នាំក្រោយ នៅចំពោះមុខសម្ពាធបង្ខំឲ្យបញ្ចប់ការបិទព្រំដែនអន្តរជាតិនេះ។ នេះបើ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។

កាលពីខែមីនា ឆ្នាំ២០២០ អូស្រ្តាលីបានបិទព្រំដែនរបស់ខ្លួន សម្រាប់អ្នកដំណើរមិនមែនជាជនជាតិអូស្រ្តាលី ឬមិនមែនជាអ្នករស់នៅក្នុងប្រទេសអូស្រ្តាលី ហើយចាប់តាំងពីពេលនោះមក បានអនុញ្ញាតឲ្យតែអ្នកដំណើរអន្តរជាតិក្នុងចំនួនតិចតួចប៉ុណ្ណោះ ចូលមកបាន ដែលភាគច្រើនជាពលរដ្ឋអូស្រ្តាលី ត្រឡប់មកពីក្រៅប្រទេស។ ប៉ុន្តែកាលពីខែមុន អូស្រ្តាលីទើបតែបានចាប់ផ្តើមកម្មវិធីធ្វើដំណើរដោយ ពុំចាំបាច់ធ្វើចត្តាឡីស័កជាមួយនូវែលសេឡង់។

គួរបញ្ជាក់ថា ទន្ទឹមគ្នា ក៏មានការទទូចឲ្យបើកព្រំដែនជាមួយពិភពលោកវិញផងដែរ។ តាមរយៈការបិទព្រំដែនជាមួយអន្តរជាតិ បូករួមជាមួយការបិទខ្ទប់ក្នុងប្រទេស និងវិធានការចាំបាច់ផ្សេងៗទៀត អូស្រ្តាលីស្ថិតក្នុងចំណោមប្រទេស ដែលគ្រប់គ្រងការឆ្លងរាតត្បាតជំងឺ COVID-19 យ៉ាងមានប្រសិទ្ធភាព។ បច្ចុប្បន្ន ប្រទេសដែលមានប្រជាជនជាង២៥លាននាក់នេះ បានកត់ត្រាករណីឆ្លងសរុបប្រមាណ ២៩,៧០០ករណី ក្នុងនោះមានអ្នកស្លាប់៩១០នាក់៕