(ប៉េកាំង)៖ នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសចិនបានប្រកាសថា វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ៣៩២.៩លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជនទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យពីគណៈកម្មការសុខាភិបាលជាតិចិន (NHC)។

តួលេខនេះគឺកើនប្រមាណ ២៦លានដូស ពី ៣៦៦.៩១លានដូសដែលបានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍នេះ។

ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនដែលខ្លួនគិតថា ងាយប្រឈមមុខបំផុត។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន។

គួរបញ្ជាក់ថា រយៈពេលចុងក្រោយនេះ សន្ទះនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗរបស់ពីរ គឺវ៉ាក់សាំង Sinopharm ត្រូវបានអង្គការសុខភាពពិភពលោក WHO អនុម័តទទួលស្គាល់ពីប្រសិទ្ធភាព និងសុវត្ថភាពរបស់វា៕