(ហ្គាហ្សា)៖ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៣៣នាក់ទៀតនៅតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃអាទិត្យនេះ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃអាក្រក់បំផុតចាប់តាំងពីមានការប៉ះទង្គិចគ្នាជិតមួយសប្តាហ៍កន្លងមនេះ ខណៈក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិត្រៀមជួបប្រជុំគ្នាចំពេលមានការព្រួយបារម្ភជាសកលជុំវិញជម្លោះដែលកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។

ភាគីអ៊ីស្រាអែលបាននិយាយនៅព្រឹកថ្ងៃអាទិត្យនេះថា «នៅក្នុងការវាយប្រហារតាមអាកាស» របស់ខ្លួនក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានវាយប្រហារគោលដៅជាង ៩០នៅទូទាំងតំបន់ហ្គាហ្សា ក្នុងចំណោមនោះមានផ្ទះស្នាក់នៅរបស់មេក្លោងម្នាក់របស់ក្រុមហាម៉ាស និងអាគារមួយកន្លែងដែលជាទីតាំងការិយាល័យកាសែត ដែលបានធ្វើឲ្យមានការរិះគិន ថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។

នៅតំបន់ហ្កាហ្សា ក្រុមសង្គ្រោះបន្ទាន់បានធ្វើការទាញសាកសពចេញពីគំនរផេះ និងអគារដែលរលំចុះយ៉ាងច្រើន ខណៈដែលសាច់ញាតិរងចាំក្នុងភាពភ័យរន្ធត់ និងសោកសៅបំផុត។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងនូវការ « ស្រងាកចិត្ត» ចំពោះការស្លាប់របស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទៅលើអគារការិយាល័យសារព័ត៌មាន Associated Press និង Al Jazeera។

កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា មានរ៉ុក្កែតប្រហែល ៣,០០០គ្រាប់ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រនៅតំបន់ហ្គាហ្សាឆ្ពោះមកប្រទេសអ៊ីស្រាអែល ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន ដែលក្នុងនោះប្រហែល ៤៥០គ្រាប់បានបរាជ័យក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះមានមនុស្សសរុបប្រមាណ ១៨១នាក់ហើយ ដែលបានស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅខាងតំបន់ហ្គាហ្សា។ ចំណែកឯខាងភាគីអុីស្រាអែលវិញមានអ្នកស្លាប់ ១០នាក់៕